ខេត្តកណ្តាល ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវា នៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងរត់ដើម្បីទេសចរណ៍ខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោមធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាល នៃគណៈខេត្តកណ្តាល អ្នកឧញ្ញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី និងលោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ ។

កម្មវិធីរត់អបអរសាទរទិវា នៃក្តីស្រឡាញ់ ១៤ខែកុម្ភៈ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ សម្រាប់សង្គម សម្រាប់ក្រុមគ្រួសារ សម្រាប់គូរស្រករ ចូលរួមផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្ត និងចូលរួមចំណែកធ្វើសប្បុរសធម៌ ។ សរុបមកការរៀបចំ ព្រឹត្តិការណ៍រត់ អបអរសាទរទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦នេះ គឺចង់បង្ហាញខ្លឹមសារអប់រំសំខាន់បំផុតគឺ ការបង្វែរការ យកចិត្តទុកដាក់ របស់យុវវ័យពី “បុណ្យសង្សារ” ទៅជាថ្ងៃ នៃការបង្ហាញពីក្តី ស្រឡាញ់តាមបែបផែនដ៏ថ្លៃថ្នូរ មានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

ជាពិសេស គឺដើម្បីបង្កើនសាមគ្គីភាព ចំណងមិត្តភាព ចែករម្លែកក្តីស្រឡាញ់ លើកកម្ពស់សកម្មភាពកីឡាចូលរួមរត់លេងសប្បាយ មនុស្សម្នាក់ចូលរួមលេង កីឡាមួយប្រភេទ និងជំរុញសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ចលើកកម្ពស់ជីវភាព និងប្រាក់ចំណូលប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងកម្មវិធីរត់ប្រណាំងនេះ មានអ្នកចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ២៥០០នាក់ ដោយរត់រយៈចម្ងាយ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។
ព្រឹត្តិការណ៍ធ្វើឡើងក្រោមសហការរវាងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តជាមួយរដ្ឋបាលខេត្តកណ្តាល ។ មានអ្នកចុះឈ្មោះចំនួន ២៦៥០ នាក់ ក្នុងនោះរត់ចម្ងាយ ៣ គីឡូម៉ែត្រចំនួន ១០៥០ នាក់ និងរត់ចម្ងាយ ៥ គីឡូម៉ែត្រចំនួន ១៦០០ នាក់ ។
ព្រឹត្តិការណ៍រត់នេះធ្វើឡើង ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់ សម្រាប់មនុស្សជាតិ និង ផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តកណ្តាល៕








