កីឡា

ក្រុមក្រុងអរិយក្សត្រ ប៉ះក្រុមស្រុកអង្គស្នូល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាជើង ឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦

ខេត្តកណ្តាល ៖ រកឃើញក្រុមបាល់ទាត់ជើងខ្លាំង ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួត កីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ ដោយការប្រកួត ប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យជាច្រើននៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម រៀបចំការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្រុមបាល់ទាត់ជើងខ្លាំង ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមានក្រុមបាល់ទាត់ក្រុងអរិយក្សត្រ ក្រុមបាល់ទាត់ស្រុកអង្គស្នូល ក្រុមបាល់ទាត់ស្រុកស្អាង និងក្រុមបាល់ទាត់ សាលាបញ្ញាវ័ន្តខ្មែរ ។ សម្រាប់ការប្រកួតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមបាល់ទាត់ក្រុងអរិយក្សត្រ ប៉ះជាមួយក្រុមបាល់ទាត់ ស្រុកអង្គស្នូល ចំណែកក្រុមបាល់ទាត់ស្រុកស្អាង ជួបនឹងក្រុមបាល់ទាត់ សាលាបញ្ញាវ័ន្តខ្មែរ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ ។

សម្រាប់កីឡាបាល់ទាត់មាន ១៣ ក្រុម ៖ក្រុមបាល់ទាត់កុមារាចំនួន ៩ ក្រុម និងក្រុមបាល់ទាត់កុមារីចំនួន ៤ ក្រុម កីឡាបាល់ទះមាន ៨ ក្រុម៖ក្រុមបាល់បោះកុមារាចំនួន ៤ ក្រុម ក្រុមបាល់បោះកុមារីចំនួន ៤ ក្រុម កីឡាបាល់ទះមាន ៨ ក្រុមក្រុមបាល់ទះកុមារាចំនួន ៥ ក្រុម ក្រុមបាល់ទះកុមារីចំនួន ៣ ក្រុម ប៉េតង់មាន ៩ក្រុម៖ក្រុមប៉េតង់កុមារាចំនួន ៥ ក្រុម ក្រុមប៉េតង់កុមារីចំនួន ៤ ក្រុម និងកីឡាអត្តពលកម្មមាន ៩ ក្រុមស្មើ ៩០ នាក់៕

Most Popular

To Top