អង់គ្លេស ៖ នេះបើយោងតាមមេធាវីរបស់គាត់ និងព្រះរាជអាជ្ញាបារាំង បានប្រាប់ AFP កាលពីថ្ងៃអង្គារ ថា កីឡាករបាល់ទាត់ Achraf Hakimi របស់ Paris Saint-Germain ជាកីឡាករសំខាន់ម្នាក់ នៅក្នុងក្រុម ដែលឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន នឹងត្រូវឡើងតុលាការ ដោយចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈនារីវ័យក្មេងម្នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ស្ត្រីម្នាក់ដែលមានអាយុ ២៤ ឆ្នាំនៅពេលនោះ បានប្រាប់ប៉ូលីសនៅក្នុងតំបន់ Val-De-Marne ភាគអាគ្នេយ៍នៃទីក្រុងប៉ារីសថា លោក Hakimi បានរំលោភនាង ។ កីឡាករអន្តរជាតិម៉ារ៉ុកអាយុ ២៧ ឆ្នាំរូបនេះ បានដើរតួនាទីយ៉ាងសំខាន់នៅប្រទេសម៉ារ៉ុក ដែលក្លាយជាក្រុមអាហ្វ្រិក និងអារ៉ាប់ដំបូងគេដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup នៅពេលពួកគេបានឡើងដល់វគ្គ ៤ ក្រុមចុងក្រោយក្នុងឆ្នាំ ២០២២ បានបដិសេធរាល់ការប្រព្រឹត្តខុស ។
គាត់បានសរសេរ នៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារថា សព្វថ្ងៃនេះ ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ គឺគ្រប់គ្រាន់ដើម្បីបង្ហាញ អំពីភាពត្រឹមត្រូវ នៃការកាត់ក្តី ទោះបីជាខ្ញុំជំទាស់នឹងវា ហើយអ្វីៗគ្រប់យ៉ាងបង្ហាញថាវាមិនពិតក៏ដោយ។ ខ្ញុំរង់ចាំការកាត់ក្តីនេះដោយស្ងប់ស្ងាត់ ដែលនឹងធ្វើឲ្យការពិតចេញមកជាសាធារណៈ។
មេធាវីរបស់លោក Hakimi គឺ Fanny Colin បាននិយាយថា ការកាត់ក្តីមួយត្រូវបានបញ្ជា ហើយព្រះរាជអាជ្ញានៅជាយក្រុង Nanterre នៃទីក្រុងប៉ារីសបានបញ្ជាក់វា។ លោក Colin បានបន្តថា ការកាត់ក្តីមួយត្រូវបានបញ្ជាឲ្យធ្វើឡើង ដោយផ្អែកលើការចោទប្រកាន់ដែលផ្អែក លើពាក្យសម្ដីរបស់ស្ត្រីម្នាក់បានរារាំងការស៊ើបអង្កេតទាំងអស់ បដិសេធការពិនិត្យសុខភាព និងការធ្វើតេស្ត DNA ទាំងអស់ បដិសេធមិនអនុញ្ញាតឱ្យទូរស័ព្ទដៃរបស់នាងត្រូវបានពិនិត្យ និងបដិសេធមិនផ្តល់ឈ្មោះសាក្សីសំខាន់។
នេះបើយោងតាមប្រភពព័ត៌មានពីប៉ូលីសនៅពេលនោះថា ដើមបណ្តឹងបាននិយាយថា នាងបានជួបលោក Hakimi ខែមករា ឆ្នាំ២០២៣ លើបណ្តាញសង្គម Instagram ហើយបានទៅផ្ទះរបស់លោកលើឡានតាក់ស៊ីដែលបញ្ជាដោយកីឡាករ។ នាងបានបន្តថា កីឡាកររូបនេះបានថើបនាង ប៉ះនាងដោយគ្មានការយល់ព្រមពីនាង ហើយបន្ទាប់មកបានរំលោភនាង។ នាងបានបន្តថា នាងបានព្យាយាមរុញគាត់ចេញ ហើយផ្ញើសារទៅមិត្តភក្តិម្នាក់ ដែលបានមកទទួលនាង។
គ្រូបង្វឹកក្រុម PSG លោក Luis Enrique នៅពេលសួរអំពីរឿងនេះនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃអង្គារមុនការប្រកួតវគ្គ Play-off ជើងទីពីរនៃ Champions League ជាមួយក្រុម Monaco បាននិយាយថា បញ្ហានេះស្ថិតនៅក្នុងដៃរបស់អាជ្ញាធរ៕
