កីឡា

លោក ហែម គីរី ៖ការ MOU ជាមួយក្រុមហ៊ុន CHN Sports ជាការចូលរួមអភិឌ្ឍន៍ ការវិស័យកីឡាហែលទឹកកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក និងក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានចុះអនុស្សារណៈលើភាពជាដៃគូ ឧបត្ថម្ភសម្ភារកីឡាម៉ាក Peak ផ្ដាច់មុខដល់សហព័ន្ធខ្មែរកីឡាហែលទឹក រយៈពេល ២ ឆ្នាំ ក្នុងឱកាសចុះ MOU នេះដោយការមានការអញ្ជើញ ពីសំណាក់លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកតំណាងឲ្យលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក Liu Ru Bing អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន CHN Sports នៅហាងលក់សម្ភារកីឡាម៉ាក Peak ក្នុងផ្សារទំនើប Youpin Mall ។

លោក Liu Ru Bing អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបានបើកដំណើរតាំងពីឆ្នាំ២០១៨ នេះ ជាជំហានជំបូងរបស់លោក ដោយសារលោកបានធ្វើអាជីវកម្ម ក្នុងប្រទេសកម្ពុជា និងរូបលោកស្រលាញ់ចូលចិត្តប្រជាជនខ្មែរ យ៉ាងទៀតលោកចង់ជួយ ចូលរួមអភិឌ្ឍន៍ការវិស័យកីឡាកម្ពុជា ទើបធ្វើឲ្យរូបលោកចាប់ដៃគូ ជាមួយសហព័ន្ធខ្មែរកីឡាហែលទឹកតែម្តងទៅ ។

លោក Liu Ru Bing បានបន្តថា សហព័ន្ធខ្មែរកីឡាហែលទឹកក៏អាចប្រម៉ូតម៉ាក Peak តាមរយៈការឧបត្ថម្ភកាន់តែល្បីក្នុងប្រទេសកម្ពុជាជាងមុនទៀត ។ លោកជឿជាក់ថា ក្រោមការឧបត្ថម្ភ ដល់សហព័ន្ធខ្មែរកីឡាហែលទឹក លោកសង្ឈឹមថា កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា នឹងកាន់តែបង្កើន នូវសមត្ថភាពខ្លួនឯង និងទទួលបានលទ្ធផល កាន់ខ្ពស់រហូតដល់ដណ្តើមបានមេដាយ ហើយរូបលោកនឹងខិតខំប្រឹងប្រែង ជួបឧបត្ថម្ភគាំទ្រនូវផ្នែកផ្សេងៗទៀត ប្រសិនអាចធ្វើទៅបាន ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានប្រាប់ឲ្យដឹងថា សហព័ន្ធខ្មែរកីឡាហែលទឹកពិត ជាមានកិត្តិយស ដែលបានចុះអនុស្សារណៈ (MOU)ជាមួយក្រុមហ៊ុន CHN Sports ដែលជាក្រុមហ៊ុនលក់សម្ភារកីឡាម៉ាក Peak ដ៏ធំរបស់ប្រទេសចិនលើពិភពលោក ក្នុងនោះក្រោមការអនុញ្ញាត ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយក្រុមហ៊ុន។ គោលបំណងទី១របស់សហព័ន្ធ ចង់មានដៃគូសហការច្បាស់លាស់មួយដែលបានផ្តល់នូវឯកសណ្ឋាន និងសម្ភារកីឡាស្តង់ដារ ហើយទី២ ចង់បង្ហាញអំពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងក្រុមហ៊ុនបានចូលរួមជួយវិស័យកីឡាហែលទឹកក្នុងប្រទេសកម្ពុជា។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក បានបន្តថា លោក Liu Ru Bing បានប្រាប់មុននេះបន្តិចថា លោកនឹងពិនិត្យការចូលរួមបន្ថែម ទៅលើប្រភេទកីឡាមួយចំនួនក្នុងប្រទេសកម្ពុជា ហើយកិត្តិយសដែលសហព័ន្ធខ្មែរកីឡាហែលទឹកបើកផ្លូវការសម្រាប់ប្រភេទកីឡាផ្សេងៗទៀត ។ ចណុចសំខាន់បំផុតនោះ សហព័ន្ធចង់សហការ និងជំរុញម៉ាកយីហោ Peak នេះឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ហើយនាពេលនេះក្រុមជម្រើសជាតិ និងក្រុមកីឡាករ-កីឡាការិនី របស់សហព័ន្ធខ្មែរកីឡាហែលទឹក មានឯកសណ្ឋានដ៏ស្រស់ស្អាត ក្នុងការចូលរួមការប្រកួតកម្រិតជាតិ និងអន្តរជាតិ ។

តាមរយៈការឧបត្ថម្ភរបស់ក្រុមហ៊ុន CHN Sports ប្រទេសចិនជាការចូលរួមចំណែកដ៏សំខាន់ ដូចនេះសហព័ន្ធខ្មែរកីឡាហែលទឹក និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹកមិនត្រូវការចំណាយលើឯកសណ្ឋាន និងសម្ភារទៀតទេ។ ការគាំទ្រ និងឧបត្ថម្ភរបស់ក្រុមហ៊ុន CHN Sports ក៏ជារួមចំណែកក្នុងការលើទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាដោយការចូលរួមប្រកួតអន្តរជាតិនានាមានសម្ភារគ្រប់គ្រាន់ មិនធ្វើឲ្យមានបញ្ញាសតិអារម្មណ៍ណាមួយឡើយ។ រយៈពេល ២ឆ្នាំ ក្រុមហ៊ុន CHN Sports ប្រទេសចិនបានឧបត្ថម្ភចំនួន ៤០០ ឈុត មានន័យថា រយៈពេល ១ ឆ្នាំបានឧបត្ថម្ភចំនួន ២០០ ឈុតឯណោះ៕

Most Popular

To Top