កីឡា

លោក តាំង ម៉េងលាន៖ វិស័យកីឡារបស់ខេត្តកណ្តាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់នេះ ដោយសារយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលនៃគណៈអភិបាលក្រុង និងស្រុកទាំង១៣

ខេត្តកណ្តាល៖ លោក តាំង ម៉េងលាន អភិបាលរងតំណាងលោក គួច ចំរើន អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាជម្រើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ នាពេល នេះ ធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ-កីឡាការិនី ដែលឆ្នើម និងមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ដើម្បីត្រៀមចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦។

លោក តាំង ម៉េងលាន អភិបាលរងតំណាងលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបិទការប្រកួត កីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យជាច្រើននៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើមនៅកីឡដ្ឋានខេត្តកណ្តាល។

លោក តាំង ម៉េងលាន បានបន្តថា តាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងជាប្រធានគណៈកម្មការ រៀបចំការប្រកួត យើងឃើញថា វិស័យកីឡារបស់ខេត្តកណ្តាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់នេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ជាពិសេស ការិយាល័យ អប់រំ យុវជន និងកីឡានៃរដ្ឋបាល ក្រុង ស្រុកទាំង១៣ និងលោក លោកស្រីជាគណៈ គ្រប់គ្រងគ្រឹះស្ថានបឋមសិក្សាក្នុងខេត្តទាំងអស់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

បើយើងឆ្លុះបញ្ជាំងមកការប្រកួតរបស់យើងវិញឃើញថា ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់យកស្មារតីសាមគ្គីភាព មកអនុវត្តក្នុងការប្រកួតនេះបានល្អប្រសើរ ទាំងសាមគ្គីក្នុងក្រុម និងរវាងក្រុម មួយទៅ ក្រុមមួយទៀតធ្វើឲ្យការប្រកួតនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោកអភិបាលរងបានបញ្ជាក់ថា ចំពោះក្រុមដែលមិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីប្រកួតដណ្តើម យកជ័យជម្នះនៅឆ្នាំក្រោយៗទៀត ឯក្រុមដែលទទួលបានជ័យជម្នះនាពេលនេះត្រូវស្គាល់ពីភារកិច្ច របស់ខ្លួន គឺត្រូវធ្វើជាតំណាងឲ្យសិស្សបឋមសិក្សាទូទាំងខេត្តកណ្តាល ដើម្បីទៅចូលរួមប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ ដូច្នេះក្មួយៗជាកីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីយកជ័យជម្នះជូនខេត្តរបស់យើង។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមដាក់ចេញនូវទិសដៅមួយចំនួនដើម្បីឲ្យរដ្ឋបាលក្រុង ស្រុក ព្រម ទាំងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និងលោក លោកស្រី ជានាយក នាយិកាគ្រឹះស្ថានបឋមសិក្សាក្នុងខេត្ត យកទៅអនុវត្តមានដូចខាងក្រោម៖ត្រូវយកចិត្តទុកដាក់ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានបឋមសិក្សា ដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ម៉ោងក្នុង មួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួន។

ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡាឲ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា (បើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ) និងត្រូវបណ្តុះបណ្តាលធនធានមនុស្ស (កីឡាករ) ឲ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅ នឹងយុទ្ធសាស្រ្តកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត៕

ដោយ៖លី ភីលីព

Most Popular

To Top