ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ISF Cambodia បានប្រកាសបើកព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារប្រុស Ian Thompson Memorial ឆ្នាំ ២០២៦ ដោយមោទនភាព ដោយប្រមូលផ្តុំក្រុមចំនួន ៦០ មកពីទូទាំងប្រទេស សម្រាប់មួយថ្ងៃពោរពេញដោយបាល់ទាត់ ស្មារតីកីឡា និងឱកាស ដែលរៀបចំឡើងដោយអង្គការផ្កាយសមុទ្រក្រោមការឧបត្ថម្ភរបស់ Thompson Memorial នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ។

ការប្រកួតឆ្នាំនេះមានអត្ថន័យពិសេស ខណៈ ISF Cambodia អបអរសាទរខួប ២០ ឆ្នាំ នៃការបង្កើតអស់ពេលរយៈពេលពីរ ទសវត្សរ៍ដែលបានឧទ្ទិស ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការចូលដំណើរការយ៉ាងស្មើភាពទៅកាន់ការអប់រំ សេវាសុខាភិបាល និងកីឡា។ ចាប់តាំងពីបង្កើតមក ISF បានពង្រឹងសមត្ថភាពយុវជនរាប់ពាន់នាក់ទូទាំងប្រទេសកម្ពុជា ដោយប្រើបាល់ទាត់មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយកសាងទំនុកចិត្ត ភាពអត់ធ្មត់ និងអនាគតដ៏ភ្លឺស្វាង ។

ការប្រកួតកុមារប្រុសប្រចាំឆ្នាំនេះ ដែលឈានចូលឆ្នាំទី ១២ នៃភាពជាដៃគូជាមួយ Ian Thompson Memorial បានរៀបចំការប្រកួតចែកជា ៣ ប្រភេទអាយុ រួមមាន អាយុក្រោម ១០ ឆ្នាំ អាយុក្រោម ១៤ ឆ្នាំ និងអាយុក្រោម ១៦ ឆ្នាំ។ កុមារប្រុសជាង ៧០០ នាក់បានចូលរួមប្រកួតដោយការប្តេជ្ញាចិត្ត និងមោទនភាព ខណៈក្រុមនីមួយៗប្រកួតប្រជែងដើម្បីដណ្តើមពានជើងឯក ព្រមទាំងបង្ហាញតម្លៃនៃការគោរព និងការលេងដោយស្មោះត្រង់។

ក្រុមកីឡាបានធ្វើដំណើរមកពី ៩ ខេត្ត រួមមាន រតនគិរី បន្ទាយមានជ័យ កំពង់ធំ កំពង់ស្ពឺ បាត់ដំបង កំពត សៀមរាប និងព្រះសីហនុ ព្រមទាំងសិស្សមកពីសាលាដៃគូរបស់ ISF នៅទូទាំងរាជធានីភ្នំពេញ។ សម្រាប់កីឡាករជាច្រើន ការប្រកួតនេះជាឱកាសដ៏កម្រ ក្នុងការប្រកួតក្នុងកម្រិតជាតិ និងភ្ជាប់ទំនាក់ទំនងជាមួយយុវជនពីទូទាំងប្រទេស។ការប្រកួតនេះបន្តគោរពដល់មរតករបស់លោក Ian Thompson ដែលជាអ្នកគាំទ្រកីឡាយ៉ាងក្លៀវក្លា និងជាអ្នកជឿជាក់លើបេសកកម្មរបស់ ISF។ បន្ទាប់ពីការទទួលមរណភាពរបស់លោក កូនប្រុសរបស់លោក គឺលោក Alistair បានបន្តការប្តេជ្ញាចិត្តរបស់គ្រួសារ ដើម្បីធានាថាការប្រកួតថ្នាក់ជាតិនេះនៅតែជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រតិទិនបាល់ទាត់យុវជនកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ការប្រកួត Ian Thompson Memorial – ISF Boys’ Tournament បានរីកចម្រើនក្លាយជាកម្មវិធីបាល់ទាត់យុវជនដែលទទួលបានការគោរពខ្ពស់មួយនៅក្នុងប្រទេស។ ជោគជ័យបន្តបន្ទាប់របស់វា មិនត្រឹមតែបង្ហាញពីការខិតខំប្រឹងប្រែង និងភាពរីករាយរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគាំទ្រយ៉ាងមិនរអាក់រអួលពីអ្នកឧបត្ថម្ភ គណៈកម្មាធិការ និងដៃគូសំខាន់ៗ ដែលធ្វើដំណើរមកភ្នំពេញរៀងរាល់ឆ្នាំ ដើម្បីគាំទ្របេសកកម្មនេះ។
ខណៈ ISF Cambodia អបអរសាទរខួប ២០ ឆ្នាំនៃការបម្រើសហគមន៍ ការប្រកួតនេះជាការរំលឹកដ៏មានអត្ថន័យអំពីអ្វីដែលភាពជាដៃគូយូរអង្វែង និងការវិនិយោគក្នុងសហគមន៍អាចសម្រេច បានបើកទ្វារឱកាសឲ្យកុមារប្រុសដែលមានជីវភាពខ្វះខាត អាចអភិវឌ្ឍ ខិតខំប្រកួត និងសុបិន្តឆ្ពោះទៅអនាគតលើសពីព្រំដែន នៃទីលានបាល់ទាត់៕
ដោយ៖លី ភីលីព







