អាមេរិក ៖សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” នៅតែមានសុទិដ្ឋិនិយមថា អ៊ីរ៉ង់នឹងនៅតែចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup 2026” ទោះបីជាជម្លោះយោធា កាន់តែខ្លាំងឡើងប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែលបង្កឲ្យមានការសង្ស័យលើវត្តមានរបស់ក្រុមក្នុងការប្រកួតក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាមកាសែត The Telegraph បានចេញផ្សាយថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក មានក្តីសង្ឃឹមថាវិបត្តិបច្ចុប្បន្ននឹងថយចុះ មុនពេលការប្រកួតចាប់ផ្តើមនៅខែមិថុនា។ អ៊ីរ៉ង់បានឡើងទៅវគ្គជម្រុះរួចហើយ ហើយត្រូវបានគ្រោងនឹងលេង ការប្រកួតវគ្គចែកពូលចំនួន ៣ប្រកួត នៅអាមេរិក ២ ប្រកួតនៅLos Angeles និង១ ប្រកួតនៅ Seattle។
ទោះជាយ៉ាងណាក៏ដោយ ការវិវឌ្ឍថ្មីៗ បានធ្វើឲ្យអនាគតរបស់ក្រុមក្នុងការប្រកួតស្ថិតក្នុងហានិភ័យ។ បន្ទាប់ពីការវាយប្រហារតាមអាកាសដោយអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារនៅទូទាំងមជ្ឈិមបូព៌ា។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ បានធ្វើឲ្យព្រឹត្តិការណ៍កីឡាអន្តរជាតិសំខាន់ៗ រួមទាំងព្រឹត្តិការណ៍ World Cup ស្ថិតនៅក្រោមភាពមិនប្រាកដប្រជា។
លោក Mehdi Taj ប្រធានសហព័ន្ធបាល់ទាត់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានសម្តែងការសង្ស័យអំពីស្ថានភាពនៅលើកញ្ចក់ទូរទស្សន៍។ លោក Taj បាននិយាយថា វាមិនទំនងទេ ដែលយើងអាចទន្ទឹងរង់ចាំព្រឹត្តិការណ៍ World Cup ប៉ុន្តែប្រធានកីឡាគឺជាអ្នកត្រូវតែសម្រេចចិត្តលើរឿងនោះ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (IFAB) នៅប្រទេសវែលស៍ អគ្គលេខាធិការ FIFA លោក Mattias Grafström បានបញ្ជាក់ថា ទោះបីជាមានការសង្ស័យទាំងនេះក៏ដោយ FIFA នៅតែអះអាងថា ផែនការរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ World Cup នៅតែមិនផ្លាស់ប្តូរ។ ស្ថាប័ននេះកំពុងតាមដានស្ថានភាពយ៉ាងដិតដល់ ប៉ុន្តែនៅតែប្តេជ្ញាចិត្តចំពោះការប្រកួតមានសុវត្ថិភាពជាមួយអ្នកចូលរួមទាំងអស់៕
