អូស្រ្តាលី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិនារីអ៊ីរ៉ង់ បានបដិសេធច្រៀងចម្រៀងជាតិ មុនការប្រកួតបើកឆាករបស់ពួកគេជាមួយកូរ៉េខាងត្បូង នៅព្រឹត្តិការណ៍ការប្រកួត Women’s Asian Cup 2026 ខណៈប្រទេសរបស់ពួកគេកំពុងជាប់ពាក់ព័ន្ធនឹងជម្លោះយោធាកាន់តែធ្ងន់ធ្ងរឡើងជាមួយ អ៊ីស្រាអែល និងអាមេរិក។
មុនពេលចាប់ផ្តើមការប្រកួតនៅកីឡដ្ឋាន Gold Coast រដ្ឋ Queensland ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទ កីឡាការិនីអ៊ីរ៉ង់ បានឈរបែរមុខទៅមុខ នៅពេលដែលចម្រៀងជាតិត្រូវបានបន្លឺឡើង ប៉ុន្តែនៅតែមិននិយាយអ្វីទាំងអស់។
នេះបើយោងតាមការចុះផ្សាយរបស់ The Guardian បាននិយាយថា កីឡាករមួយចំនួនត្រូវបានគេឃើញខ្សឹបខ្សៀវគ្នាទៅវិញទៅមក ខណៈគ្រូបង្វឹក និងកីឡាករបម្រុងនៅលើកៅអីបម្រុងក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ។ គ្រូបង្វឹក Marziyeh Jafari ត្រូវបានគេសង្កេតឃើញញញឹមពីចំហៀង ។
នៅលើទីលាន អ៊ីរ៉ង់បានចាញ់កូរ៉េខាងត្បូង ០-៣ ធ្វើឲ្យពួកគេនៅបាតតារាងនៃពូល A បន្ទាប់ពីជុំទីមួយ។ កូរ៉េខាងត្បូង និងអូស្ត្រាលីបច្ចុប្បន្ននាំមុខគេក្នុងពូលដោយមាន ៣ ពិន្ទុរៀងៗខ្លួន ខណៈហ្វីលីពីនឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយរបូតគ្រាប់បាល់តិចជាងអ៊ីរ៉ង់។
បន្ទាប់ពីការប្រកួត គ្រូបង្វឹក Jafari និងក្រុមរបស់គាត់បានបដិសេធមិននិយាយ នៅពេលប្រព័ន្ធផ្សព្វផ្សាយសួរអំពីជម្លោះដែលកំពុងបន្ត និងរបាយការណ៍ទាក់ទងនឹងការស្លាប់របស់មេដឹកនាំកំពូល Ayatollah Ali Khamenei។ ក្រុមនេះបានមកដល់ប្រទេសអូស្ត្រាលីដើម្បីរៀបចំសម្រាប់ការប្រកួតនេះ ត្រឹមតែប៉ុន្មានថ្ងៃមុនពេលការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយការប្រកួតបើកឆាករបស់ពួកគេបានធ្វើឡើងត្រឹមតែ ៤៨ ម៉ោងបន្ទាប់ពីការវាយប្រហារ៕
