កីឡា

កីឡាករ Ronaldo បានចាកចេញពីអារ៉ាប៊ីសាអូឌីត ដោយយន្តហោះឯកជន តម្លៃ ៨០ លានដុល្លារអាមេរិក ចំពេលមានភាពតានតឹងនៅមជ្ឈិមបូព៌ា

អារ៉ាប៊ីសាអូឌីត ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា យន្តហោះឯកជនរបស់ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo បានចាកចេញពីទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ទៅកាន់ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ចំពេលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឡើងនៅមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ អ៊ីស្រាអែល អាមេរិក និងប្រទេសដទៃទៀតក្នុងតំបន់។

យោងតាមទិន្នន័យ ពី Flightradar24 បានចេញផ្សាយថា យន្តហោះ Bombardier Global Express 6500 របស់ លោក Ronaldo បានចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ King Khalid  ទីក្រុងរីយ៉ាដ ហើយបានចុះចតនៅអាកាសយានដ្ឋាន Madrid Barajas នៅម៉ោង ១:៣២ ព្រឹក ម៉ោងនៅអឺរ៉ុបកណ្តាលកាលថ្ងៃអង្គារ។

យន្តហោះឯកជននេះបានធ្វើដំណើរឆ្លងកាត់ប្រទេសអេហ្ស៊ីប និងសមុទ្រមេឌីទែរ៉ាណេ មុនពេលទៅដល់រដ្ឋធានីអេស្ប៉ាញ។ ទោះជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើកីឡាករ Ronaldo និងក្រុមគ្រួសាររបស់លោកបានជិះយន្តហោះនេះឬអត់។ តារាឆ្នើមព័រទុយហ្គាល់អាយុ ៤១ ឆ្នាំរូបនេះរស់នៅក្នុងទីក្រុងរីយ៉ាដជាមួយភរិយារបស់លោក លោកស្រី Georgina Rodriguez និងកូន ៥ នាក់របស់ពួកគេ។

យន្តហោះ Bombardier Global Express 6500 មានតម្លៃប្រហែល ៨០ លានដុល្លារអាមេរិក អាស្រ័យលើផ្នែកខាងក្នុង។ វាអាចផ្ទុកអ្នកដំណើរបាន ១៧ នាក់ ដោយផ្តល់ជូននូវផាសុកភាពជាមួយនឹងបន្ទប់ឯកជនដ៏ប្រណីត កន្លែងធ្វើការ និងកន្លែងទទួលទានអាហារ ធ្វើឲ្យ Ronaldo មានតុល្យភាពយ៉ាងល្អឥតខ្ចោះរវាងការងារ និងការកម្សាន្ត។

នេះបើយោងតាមការចុះផ្សាយរបស់ The Mirror បាននិយាយថា មុនពេលមានយន្តហោះឯកជនបច្ចុប្បន្ន លោក Ronaldo បានលក់យន្តហោះ Gulfstream G200 របស់លោក ដែលលោកបានទិញកាលឆ្នាំ ២០១៥ មានតម្លៃ ២២ លានដុល្លារ៕

Most Popular

To Top