ភ្នំពេញ៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការ បច្ចេកទេសរៀបចំកម្មវិធីរត់ ដើម្បីការអប់រំ និង ជួយការគាំទ្រសាលាតាមព្រំដែន បាន ដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ មន្ត្រីបច្ចេកទេសក្នុងការត្រៀមរៀបចំកម្មវិធី រត់ដើម្បីការអប់រំ និងជួយការគាំទ្រសាលាតាមព្រំដែន នាថ្ងៃទី៨ មីនា ឆ្នាំ២០២៦ ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា រត់ដើម្បីការអប់រំ និងជួយការគាំទ្រសាលាតាមព្រំដែន ដែលប្រព្រឹត្តិនៅព្រឹកថ្ងៃទី៨ មីនា ក្រោមអធិបតី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការចេញដំណើរក្នុងទីលានបាល់ទាត់ដោយរត់ជុំវិញទីលានពហុកីឡដ្ឋានជាតិឲ្យគ្រប់ ៣-៤ គីឡូម៉ែត្រ នឹងបញ្ចប់នៅទីទល់វិមាន (ជណ្តើរស)ក្នុងពហុកីឡដ្ឋានជាតិដដែល ។

លោក ប៉ុន សុខ អគ្គនាយក បានបន្តថា ការចូលរួមរត់ទាំងអស់គ្នា ក្នុងស្មារតីសាមគ្គីភាព និងភាតរភាពជាមហាគ្រួសារខ្មែរ ដើម្បីគាំទ្រដល់សាលារៀន និងផ្ដល់កម្លាំងចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីសំណាក់កងទ័ពថៃ។ ព្រឹត្តិការណ៍កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕




