ទីក្រុងម៉ិកស៊ិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានទៅទស្សនកិច្ចរដ្ឋ Jalisco ភាគខាងលិចនៅថ្ងៃសុក្រ ដើម្បីដោះស្រាយកង្វល់សន្តិសុខកាន់តែខ្លាំងឡើង មុនព្រឹត្តិការណ៍ FIFA World Cup ខាងមុខនេះ បន្ទាប់ពីរលកនៃអំពើហិង្សាក្នុងតំបន់ ។
អំពើហិង្សានេះត្រូវបានបង្កឡើងដោយការ សម្លាប់មេក្លោងគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសម៉ិកស៊ិក គឺលោក Nemesio Oseguera Cervantes ឬ “El Mencho” ដោយកងទ័ពម៉ិកស៊ិក កាលពីខែមុន។ ការប៉ះទង្គិចគ្នារវាងខ្មាន់កាំភ្លើងក្រុមជួញដូរគ្រឿងញៀន និងការដុតរថយន្តបានផ្ទុះឡើង នៅទូទាំងប្រទេសម៉ិកស៊ិក ប៉ុន្តែអំពើហិង្សានេះ ខ្លាំងបំផុតនៅក្នុងទីក្រុង Jalisco និងរដ្ឋធានីរបស់ខ្លួនគឺ Guadalajara ជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ៣ របស់ប្រទេសម៉ិកស៊ិកដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ World Cup។
រលកនៃអំពើហិង្សានេះបានបណ្តាល ឲ្យមនុស្សជាង ៧០ នាក់ស្លាប់ រួមទាំងសមាជិកកងឆ្មាំជាតិចំនួន ២៥ នាក់ និងបានសាបព្រោះការសង្ស័យ នៅក្នុងប្រទេសម៉ិកស៊ិក និងលើសពីនេះ ទៀតលើលទ្ធភាពនៃទីក្រុងដែលទទួលភ្ញៀវទេសចររាប់ពាន់នាក់។
នៅថ្ងៃសុក្រ ដោយមានគណៈរដ្ឋមន្ត្រីសន្តិសុខ និងមេបញ្ជាការយោធា ជាន់ខ្ពស់អមដំណើរ លោកស្រី Sheinbaum បានរៀបចំសន្និសីទ សារព័ត៌មានពេលព្រឹកពីទីស្នាក់ការយោធា នៅក្នុងក្រុង ជាកន្លែងដែល “El Mencho” ត្រូវបានបញ្ចុះនៅដើមសប្តាហ៍នេះ ក្រោមការយាមកាមយ៉ាងតឹងរ៉ឹង និងជាកន្លែងដែលពហុកីឡដ្ឋាននឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក។
លោកស្រី Sheinbaum បាននិយាយថា យើងនៅទីនេះ ដើម្បីប្រាប់អ្នករាល់គ្នានៅ Jalisco ប្រជាជនទាំងអស់នៅ Jalisco ថាយើងនៅជាមួយគ្នា ថាយើងកំពុងធ្វើការដើម្បីសន្តិភាព សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជននៃរដ្ឋដ៏ស្រស់ស្អាតនេះ។
ដោយមានរយៈពេលតិចជាង ១០០ ថ្ងៃទៀត រហូតដល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លោកស្រី Sheinbaum និងមន្ត្រីសន្តិសុខបានរៀបរាប់លម្អិត អំពីផែនការសន្តិសុខ ត្រូវដាក់ពង្រាយក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡារដូវក្តៅ ដែលពាក់ព័ន្ធនឹងភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធជាង ២០ រួមទាំងកងទ័ពជើងគោក និងកងទ័ពជើងទឹក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន៕
