កីឡា

លោក ប៉ុន សុខ ៖ ការប្រកួតធ្វើឡើងការបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ងាកមកលេងកីឡា ដើម្បីសុខភាព និងស្របតាម ទិសស្លោករាជរដ្ឋាភិបាល ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត

ភ្នំពេញ៖លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោកស្រី ម៉ាទីណា ប៉ាល់ម៉ា នាយកប្រតិបត្តិក្រុមហ៊ុន Decathlon Cambodia និងលោក ម៉ុក ច័ន្ទករុណា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីពិធីបំពាក់មេដាយ ការប្រកួត “Pétanque Open Games” ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ នៅទីលានកីឡាប៊ូល និងប៉េតង់ក្នុងពហុកីឡដ្ឋានជាតិ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយណាស់ដែលបានឃើញមានការរៀបចំការប្រកួតកីឡាប៉េតង់បើកទូលាយដើម្បី អបអរសាទរទិវា អន្តរជាតិនារី ៨មីនា លើកទី១១៥ ឆ្នាំ២០២៦។ តាមរយៈការចូលរួមរបស់កីឡាករ កីឡាការនី មកពី ស្ថាប័នផ្សេងៗគ្នា និងរាជធានីខេត្ត ហើយការប្រកួតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា ការបំផុសស្មារតី៖ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈងាកមកលេងកីឡា ដើម្បីសុខភាព និងស្របតាម ទិសស្លោករាជរដ្ឋាភិបាល ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានបន្តថា ការផ្លាស់ប្តូរបទពិសោធន៍៖ បង្កើតវេទិកាសម្រាប់កីឡាករ កីឡាការិនី មកពីបណ្តារាជធានី ខេត្ត និងស្ថាប័ននានា បាន ជួបជុំ និងពង្រឹងសមត្ថភាព។
ការប្រកួតមិត្តភាពពិសេស ការប្រកួតដ៏ជក់ចិត្តរវាងអ្នកមានប្រជាប្រិយភាពក្នុងបណ្តាញសង្គម ដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍ថ្មីពីកីឡាប៉េតង់ និងជួយផ្សព្វផ្សាយកីឡានេះទៅកាន់យុវជន ជំនាន់ក្រោយ។

លោក ប៉ុន សុខ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងគណៈកម្មាការរៀបចំការប្រកួត ដែលបានសហការគ្នាជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងក្លឹបកីឡាប៊ូល និងប៉េតង់ ប៊ី អូ អេស រៀបចំដំណើរការកម្មវិធីនេះឡើងដោយជោគជ័យ។

ក្រុមកីឡាប៉េតង់ គ្លីនិតធ្មេញ កែវ គឹមសៀ ទទួលបានមេដាយមាស ក្រុមកីឡាប៉េតង់ B52 ទទួលបានមេដាយប្រាក់ ក្រុមកីឡាប៉េតង់ ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរិទ្ធ និងក្រុមកីឡាប៉េតង់ BOS ជាប់ចំណាត់ថ្នាក់លេខ ៤ ៕

ដោយ៖លី ភីលីព

Most Popular

To Top