កីឡា

អ្នករៀបចំកីឡាប៉ារ៉ាឡាំពិក ៖ ប្រទេសចំនួន ៧ នឹងធ្វើពហិការពិធីបើកកីឡាប៉ារ៉ាឡាំពិក ដោយសារតែប្រទេសរុស្ស៊ី

អ៊ីតាលី ៖ អ្នករៀបចំកីឡាប៉ារ៉ាឡាំពិក Milan-Cortina បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចំនួន ៧ នឹងធ្វើពហិការពិធីបើកកីឡានេះ ដើម្បីតវ៉ាប្រឆាំងនឹងអត្តពលិករុស្ស៊ី ដែលត្រូវបានអនុញ្ញាតឲ្យប្រកួតប្រជែង ក្រោមទង់ជាតិរបស់ពួកគេជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បាននិយាយកាលពីខែមុនថា ខ្លួននឹងអនុញ្ញាតឲ្យអត្តពលិករុស្ស៊ីចំនួន៦នាក់ និងអត្តពលិក ៤ នាក់មកពីប្រទេសបេឡារុសចូលរួម ក្នុងការប្រកួតក្រោមទង់ជាតិរបស់ពួកគេ ជាជាងការប្រកួតប្រជែងអព្យាក្រឹត។ ប្រទេសរុស្ស៊ី និងបេឡារុសត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងកីឡាប៉ារ៉ាឡាំពិកឆ្នាំ ២០២២ បន្ទាប់ពីការឈ្លានពានអ៊ុយក្រែន ទោះបីជាពួកគេត្រូវបានអនុញ្ញាត ឲ្យប្រកួតប្រជែងជាអត្តពលិកអព្យាក្រឹតក្នុងកីឡាប៉ារ៉ាឡាំពិករដូវក្តៅប៉ារីស ២ ឆ្នាំក្រោយមកក៏ដោយ។

បន្ទាប់ពីការប្រកាសរបស់ IPC ប្រទេសជាច្រើន រួមទាំងអ៊ុយក្រែន បាននិយាយថា ពួកគេនឹងធ្វើពហិការពិធីបើកកីឡានៅថ្ងៃសុក្រនៅទីក្រុង Verona ជាលទ្ធផល។

នេះបើតាមមន្ត្រីទំនាក់ទំនងរបស់ IPC លោក Craig Spence បានប្រាប់សន្និសីទសារព័ត៌មានមួយនៅ Cortina កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកក៏នឹងបានឃើញព័ត៌មានក្នុង រយៈពេល ១០ ថ្ងៃចុងក្រោយនេះអំពីគណៈកម្មាធិការប៉ារ៉ាឡាំពិកជាតិ (NPCs) មួយចំនួនដែលបានសម្រេចចិត្ត មិនមកដោយសារហេតុផលនយោបាយ ហើយមានចំនួនផ្សេងៗគ្នា។ ខ្ញុំបានឃើញចំនួនចាប់ពី ៧ ដល់១៥ ប្រទេស ដូច្នេះសូមឲ្យខ្ញុំបញ្ជាក់ឲ្យច្បាស់អំពី NPCs ដែលមិនមកដោយសារហេតុផលនយោបាយ។ យើងមានប្រទេសឆេក អេស្តូនី ហ្វាំងឡង់ ឡាតវី លីទុយអានី ប៉ូឡូញ និងអ៊ុយក្រែន។

លោក Spence បានបន្ថែមថា IPC គោរពការសម្រេចចិត្តនោះ ក្នុងការពហិការពិធីនេះ។ ដោយសារការបើកវាំងននកំពុងធ្វើឡើងឆ្ងាយពីកន្លែងប្រកួត Cortina, Val di Fiemme និង Milan IPC បានបង្ហាញថា ប្រទេសដទៃទៀតនឹងមិនមានវត្តមានអត្តពលិកនៅក្នុងពិធីនោះទេ ប៉ុន្តែបានទទូចថានោះគឺដោយសារតែការសម្រេចចិត្តរបស់ពួកគេក្នុងការផ្តល់អាទិភាពដល់ការសម្តែងកីឡា។

លោក Spence បានពន្យល់ថា ប្រទេសកាណាដា ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង ពួកគេមិនធ្វើពហិកា ពិធីនោះទេ ។ ពួកគេបានប្រាប់យើងថា ពួកគេមិនមកដោយសារហេតុផលការសម្តែងទេ។ ជាមួយនឹងព្រឹត្តិការណ៍ជាច្រើន រួមទាំងការជិះស្គីលើភ្នំ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ អត្តពលិកជាច្រើនបានជ្រើសរើសស្នាក់នៅជិតមូលដ្ឋានរបស់ពួកគេ៕

Most Popular

To Top