ភ្នំពេញ ៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងឱកាសកម្មវិធី រត់ដើម្បីការអប់រំ និងជួយគាំទ្រសាលាតាមព្រំដែនក្រោមប្រធានបទ “សាមគ្គីភាព ដើម្បីការអប់រំ” ព្រមទាំងលោក លោកស្រីរដ្ឋលេខាធិការ និង កីឡាករ-កីឡាការិនី សាធារណៈជន ១ ០០០នាក់ នៅពហុកីឡដ្ឋានជាតិ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងប្រធានគណៈកម្មការបច្ចេកទេសរៀបចំកម្មវិធី បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាទិវាមួយដ៏នក្ខតឫក្ស ដែលយើងខ្ញុំទាំងអស់ជាមន្ត្រីរាជការ បុគ្គលិកអប់រំ និងមហាជនបានជួបជុំគ្នាយ៉ាងច្រើនកុះករចូលរួមកម្មវិធីរត់ដើម្បីការអប់រំ និងជួយគាំទ្រសាលាតាមព្រំដែន ក្រោមប្រធានបទ «សាមគ្គីភាព ដើម្បីការអប់រំ» នៅពហុកីឡដ្ឋានជាតិនាពេលនេះ ក្រោមអធិបតីភាពលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងនាមប្រធានគណៈកម្មការបច្ចេកទេសរៀបចំកម្មវិធី ខ្ញុំបាទសូមសម្ដែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ចំពោះវត្តមានលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមក្នុងវិធីរត់ដើម្បីការអប់រំ និងជួយគាំទ្រសាលាតាមព្រំដែន។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីកៀរគរមូលនិធីស្តារហេដ្ឋា រចនាសម្ព័ន្ធសាលារៀនឡើងវិញ និងលើកកម្ពស់ការសិក្សាអប់រំនៅតាមបណ្តោយព្រំដែន និងចូលរួមគាំទ្រ បុគ្គលិកអប់រំដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ នៅតាមបណ្តោយព្រំដែន។

លោកប្រធានគណៈកម្មការបច្ចេកទេស រៀបចំកម្មវិធី បានបន្តថា អគ្គនាយកដ្ឋានកីឡា និងមហាគ្រួសារកីឡាកម្ពុជា គាំទ្រ និងចូលរួមអនុវត្តតាមផែនការ យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ជួយគាំទ្រដល់សិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានភៀសសឹកដោយសារសង្គ្រាមរបស់ក្រសួងអប់រំយុវជន និងកីឡា និងមូលនិធិសាមគ្គីដេម្បីជួយដល់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ។ លោកសូមថ្លែងអំណរគុណដល់មហាគ្រួសារកីឡាកម្ពុជា សហព័ន្ធកីឡាជាតិ លោកគ្រូ អ្នកគ្រូបង្វឹកកីឡា កីឡាករ-ការិនី និងក្រុមគ្រួសារដែលតែងចូលរួមគាំទ្រទាំងថវិកា និងសម្ភារៈ ចូលរួមជាមួយ ក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមក នៅថ្ងៃនេះ និងជាបន្តបន្ទាប់។ ការកំណត់ប្រធានបទនៃ ព្រឹត្តិការណ៍ថ្ងៃនេះ «សាមគ្គីភាព ដើម្បីការអប់រំ» ឆ្លុះបញ្ចាំងអំពីស្មារតីសាមគ្គីភាពដ៏រឹងមាំដើម្បីវិស័យអប់រំ និងបុព្វហេតុជាតិមាតុភូមិ ។

កម្មវិធីរត់ដើម្បីការអប់រំ និងជួយគាំទ្រសាលាតាមព្រំដែនេះ សហការរៀបចំ ដោយអគ្គនាយកដ្ឋានកីឡា សាលារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តដើម្បីការ អប់រំ រត់ជាមួយសៃ សហព័ន្ធកីឡាខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និងសហគមន៍អ្នកស្ម័គ្រចិត្ត និងការចូលរួមពីមន្ត្រីរាជការ បុគ្គលិកអប់រំ និងមហាជនចុះឈ្មោះសរុប ចំនួន ១ ០០០នាក់៕




