ភ្នំពេញ ៖ លោក ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងតំណាង លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡានាថ្ងៃទី ៨ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាកិត្តិយស ក្នុងពិធីបិទការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមការរៀបចំដោយសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក សំអុន បូរមី អគ្គលេខាធិការ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានប្រាប់ឲ្យដឹងថា លោកសូមចូលរួមអបអរសាទរ និងសម្តែងការកោតសរសើរ ចំពោះកីឡាករ កីឡាការិនី គ្រូបង្វឹក និងក្លឹបទាំងអស់ដែលបានចូលរួមប្រកួតដោយ ប្រកបដោយសេចក្តីថ្លៃថ្នូ សុចរិតភាព នៃស្មារតីកីឡា។ ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទសូមសម្តែងនូវក្តីអំណរសាទរជាពិសេស ចំពោះបងប្អូនកីឡាការិនី ដែលដណ្តើមបានជ័យលាភី ក្នុងថ្ងៃនេះដែលទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា។ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ មានអត្តពលិកចូលរួម ២៣០ ចំនួនក្លឹបចូលរួមប្រកួត: ១៨ក្លឹប ច្រើនបំផុត ធំបំផុត និងមានស្តង់ដារកម្រិតអន្តរជាតិ មកដល់ថ្ងៃនេះ ប្រកែកមិនបាន គឺយើងបានឃើញពីការរីកលូតលាស់យ៉ាងច្បាស់តាមរយៈ ទិដ្ឋភាពខាងមុខនេះ ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបន្តថា ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃ និងមានចក្ខុវិស័យច្បាស់លាស់របស់លោក ថោង បញ្ញាធន ប្រធានសហព័ន្ធ ក្នុងអាណត្តិថ្មី ជាលើកដំបូងបំផុត គឺមានការកែទម្រង់ប្រព័ន្ធអនុវត្តការងារស៊ីជម្រៅ ដែលអគ្គលេខាធិការដ្ឋាន បានរៀបចំក្រុមប្រឹក្សាវិន័យ ក្រុមប្រឹក្សាបច្ចេកទេស និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងស្ថិតិ ដែលមានស្តង់ដារឋានានុក្រមច្បាស់លាស់ ដែលជាគ្រឺះដ៏សំខាន់ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងសង្គតិភាព នៃដំណើរការប្រព្រឹត្តិទៅនៃសហព័ន្ធ ក៏ដូចជាភាពសុខដុមរមនា ក្នុងវិស័យកីឡាជឺជីតស៊ូនៅកម្ពុជា។

ការប្រកួតនេះមានគោលបំណងសំខាន់គឺចង់ឲ្យកីឡាករ-កីឡាការិនីជំនាន់ក្រោយទទួលបានបទពិសោធន៍ និងភ្លក់រសជាតិនៃការប្រកួតកម្រិតអន្តរជាតិ ដែលរៀបចំក្នុងប្រទេសកម្ពុជា ។ សម្រាប់សហព័ន្ធកីឡាជឺជីតស៊ូសុខមាលភាពរបស់កីឡាករ កីឡាការិនីជា ចំណុចអតិភាព ដែលកាលពីថ្មីៗនេះ យើងបានបញ្ជូល វគ្គបណ្តុះបណ្តាលSAFEDU ARDING ទៅកាន់អត្តពលិក និងគ្រូបង្វឹកដើម្បីជម្រុញភាពសុខដុមរមនា ការគោរពសិទ្ធិគ្នារបស់ភាគី ពាក់ព័ន្ធក្នុងវិស័យកីឡា៕



