ភ្នំពេញ ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើង នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦ ត្រូវបានអ្នកជំនាញ គុនល្បុក្កតោចាត់ទុកថា ជាការជួបជុំរបស់អ្នកជំនាន់ក្រោយនេះ ដើម្បីបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នូវក្បាច់គុនព្រឹលឹង វប្បធម៌ខ្មែរមួយនេះឲ្យរស់នៅជានិច្ច ។

នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបើកជាផ្លូវការ ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត សេង ប៊ុនសុង ប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិក តំណាងដ៏លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជា បានគូសបញ្ជាក់ថា ការជួបជុំគ្នា ក្នុងព្រឹត្តិការណ៍ ប្រកួតថ្នាក់ជាតិនេះ គឺជាការជួបជុំ របស់អ្នកជំនាន់ក្រោយ ដែលទទួល បានការបំពាក់បំប៉ន ពីលោកគ្រូព្រឹទ្ធាចារ្យចាស់ៗ ក្នុងគោលជំហរទាំងគំនិត ប្រាជ្ញាស្មារតី មនសិការ ឆន្ទៈគ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យយើងបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរមួយនេះ ឲ្យរស់នៅជានិច្ច បើទោះបីជាចាស់ៗ ព្រឹទ្ធាចារ្យគុនល្បុក្កតោ បានលាចាកលោកទៅហើយ ជាពិសេសលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលទើបទទួលមរណៈភាពកាលពីឆ្នាំ២០២៥ ។

លោកអគ្គលេខាធិការរងបន្ថែមថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ត្រូវដំណើរការប្រកួតរយៈពេល២ថ្ងៃ ដោយរៀបចំប្រកួតលើ១២វិញ្ញាសា និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ២២៤នាក់ មកពី២៥សាលាគុននៃ៩រាជធានី-ខេត្ត ។

លោកបណ្ឌិត សេង ប៊ុនសុង បានលើកទឹកចិត្ត ដល់គ្រូបង្វឹកនៅគ្រប់សាលាគុន កីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់ បន្តការខិតខំបង្វឹក និង ហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំ ដើម្បីបន្តដុសខាត់សមត្ថភាពគុណភាព បច្ចេកទេសក្បាច់គុន អត្តសញ្ញាណជាតិខ្មែរមួយនេះ ឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវខិតខំបញ្ចេញ ឱ្យអស់ពីសមត្ថភាពក្នុងការ ប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីដណ្តើមមេដាយជូនសាលាគុន និងខ្លួនឯង ។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យកីឡាករ កីឡាការិនីគុនល្បុក្កតោ រក្សាឱ្យបាននូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈកីឡា ឱ្យបានល្អប្រសើរ ដោយគោរព ឱ្យបាននូវបទបញ្ជាការប្រកួត ក្នុងន័យចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍគុណតម្លៃនៃក្បាច់គុន ដូនតាខ្មែរបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗបន្តទៅមុខទៀត៕


