ភ្នំពេញ ៖ លោក ឈឹម វាសនា អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងលោក សុខ ជា អគ្គលេខាធិការរងគណៈកម្មាធិការប៉ារ៉ាអូឡាំពិក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាទបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (សបជក) នៅសណ្ឋាគារការ៉ាវ៉ាន់ ។

អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានមានថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ សហព័ន្ធកីឡាបាល់បោះរទេះ ជនពិការកម្ពុជា បានប្រារព្វឡើងនាពេលនេះ គឺជាវេទិការដ៏សំខាន់សម្រាប់ត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធិផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ របស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ។

សន្និបាតបូកសរុបលទ្ធផលការងារ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងគុណភាពការងារ ជាពិសេសពង្រឹង និងពង្រីកវិស័យកីឡាជនពិការ ជួយឲ្យជនមានពិការភាពមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។

អ្នកម្នាង ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានបន្តថា បង្កលក្ខណៈឲ្យជនមានពិការភាព បានជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជា មួយគ្នា នៅក្នុងសង្គម។ ផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានា ដើម្បីបណ្តុះគំនិតឲ្យ ចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ ជាតិ និងបណ្តុះគំនិតស្នេហាជាតិជាដើម។ឆ្នាំ២០២៥កន្លងមកនេះ សហព័ន្ធកីឡាបាល់ បោះរទេះជនពិការកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូរពាកព័ន្ធ និងវិស័យឯកជន។

ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មការអន្តរជាតិនៃកាកបាទក្រហម (ICRC) គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន សប្បុរសជនជាតិ-អន្តរជាតិ និងក្រុមគ្រួសារជនមានពិការភាព ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្តល់ថវិកា ព្រមទំាងសម្ភារដល់សហព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង សម្រាប់សាងសង់ទីលានប្រកួតកីឡាបាល់បោះរទេះ នៅខេត្តបាត់ដំបងនាពេលកន្លងមក ៕






