កីឡា

ក្រុមប៉េតង់វ័យចាស់ វិញ្ញាសា ២ទល់នឹង ២ នាក់ ចាប់ផ្តើមការប្រកួត ក្នុងការប្រកួតកីឡាប៉េតង់ និងប៉ូលជើងឯកថ្នាក់ ខេត្តកណ្តាលឆ្នាំ២០២៦

កណ្តាល ៖ ក្រោយពីបញ្ចប់ការប្រកួតកម្រិតយុវជន-យុវនារី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ការប្រកួតប៉េតង់វ័យចាស់ មាន វិញ្ញាសា ២ទល់នឹង ២ នាក់ បានចាប់ផ្តើមហើយការប្រកួតកីឡា ប៉េតង់ និងប៉ូលជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលឆ្នាំ២០២៦ ដែលធ្វើការប្រកួតនៅតាមទីលានប៉េតង់ ចំនួនក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាសកម្មភាពមួយដើម្បីបំផុស ប្រជាពលរដ្ឋលេងកីឡាការប្រកួតរៀបចំ ដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ការប្រកួតកីឡា ប៉េតង់ និងប៉ូលជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលឆ្នាំ២០២៦ នេះក្រុមកីឡាករ-កីឡាការិនីប៉េតង់វ័យចាស់ និង យុវជន-យុវនារីជាង ២៦ ក្រុមចូលរួម ដោយការប្រកួតនេះ ធ្វើឡើងជំរុញការអភិឌ្ឍវិស័យកីឡាប៉ូល និងប៉េតង់ខេត្តឲ្យមានការរីកចម្រើន និងមានសក្តានុពលក្នុងខេត្ត និងដើម្បីជ្រើសរើសស្វែងរកកីឡាករ កីឡាការិនីឆ្នើមចូលរួមព្រឹតិ្តការណ៍នានាកម្រិតទូទាំងប្រទេស។
ការប្រកួតឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីប៉េតង់វ័យចាស់ និងយុវជន-យុវនារី ជាង២៦ ក្រុម ក្នុងនោះក្រុមកីឡាករប៉េតង់វ័យចាស់មានចំនួន ១៩ ក្រុម និងក្រុមកីឡាករ-កីឡាការិនីប៉េតង់យុវជន-យុវនារីចំនួន ៧ ក្រុម លើក៤ វិញ្ញាសារួមមាន វិញ្ញាសា ២ទល់នឹង ២ នាក់ នារី និងវ័យចាស់ និងវិញ្ញាសា ៣ទល់នឹង ៣ នាក់ នារី និងវ័យចាស់។

វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការ សកម្មភាពស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួមទាំងអភិវឌ្ឍន៍មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ ៕

Most Popular

To Top