ទីក្រុង Zurich ៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ ពិភពលោក “FIFA” បានអនុម័តផែនការចាប់ផ្តើមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ FIFA ASEAN Cup លើកដំបូង ដែលគ្រោងនឹងធ្វើឡើងចាប់ពីខែកញ្ញា ដល់ ខែតុលា ឆ្នាំ២០២៦។
ការសម្រេចចិត្តនេះត្រូវបានបញ្ចប់ជាផ្លូវការ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA ពីទីក្រុង Zurich ប្រទេសស្វីសកាលពីថ្ងៃសុក្រ។ ការប្រកួតថ្មី ទន្ទឹងរង់ចាំយ៉ាងខ្លាំងនេះ នឹងប្រមូលផ្តុំក្រុមជម្រើសជាតិ អាស៊ីអាគ្នេយ៍ទាំង ១១ ហើយត្រូវបានកំណត់ ឲ្យធ្វើឡើងនៅក្នុងប្រតិទិន FIFA Days ដែលទើបពង្រីកថ្មីដែលនឹង ចូលជាធរមាននៅឆ្នាំ២០២៦។
បន្ទាប់ពីប្រតិទិនថ្មី ការសម្រាកអន្តរជាតិនៅខែកញ្ញា និងខែតុលាត្រូវបានបញ្ចូលគ្នាទៅជាការប្រកួតរយៈពេល ៣ សប្តាហ៍ដែលចាប់ផ្តើម ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា។ ក្នុងអំឡុងពេលនេះ ក្រុមជម្រើសជាតិ ដែលចូលរួមនីមួយៗអាចលេងការប្រកួតអតិបរមាចំនួន ៤ ។
ទម្រង់នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ FIFA Asian Cup មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
លោក Gianni Infantino ប្រធាន FIFA បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់របស់អង្គការនេះ ក្នុងការអភិវឌ្ឍបាល់ទាត់ ពិភពលោក តាមរយៈគំនិតផ្តួចផ្តើមថ្មីៗ ។ លោកក៏បានបញ្ជាក់ពីតួនាទី របស់បាល់ទាត់ ក្នុងការតភ្ជាប់ប្រទេសនានា និងលើកកម្ពស់ស្មារតីសន្តិភាព។
គិតត្រឹមពេលនេះ សហព័ន្ធបាល់ទាត់អាស៊ាន (AFF) និងប្រទេសជាសមាជិករបស់ខ្លួនមិន ទាន់បានចេញការឆ្លើយតប ជាសាធារណៈជាផ្លូវការទាក់ទងនឹងផែនការរៀបចំពានរង្វាន់ FIFA ASEAN Cup នៅឡើយទេ ។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការគាំទ្រពី FIFA ការប្រកួតប្រជែងថ្មីនេះ ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់បាល់ទាត់អាស៊ីអាគ្នេយ៍៕
