កណ្តាល៖ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះ លោកស្រី ឃុន សុខុម អនុប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាលតំណាងឲ្យលោក ចេង សំអុលប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល និងលោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ ព្រមទំាងក្លិបកីឡាប៊ូល និងប៉េតង់ចំនួន ២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡា ប៉េតង់ និងប៉ូលជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលឆ្នាំ២០២៦ នៅតាមទីលានប៉េតង់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ដែលជាសកម្មភាពមួយដើម្បីបំផុសប្រជាពលរដ្ឋលេងកីឡាការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លោកស្រី ឃុន សុខុម អនុប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល បានមានប្រសាសន៍ តាងនាមថ្នាក់ដឹកនាំ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសេចក្តី សោមនស្ស រីករាយឥតឧបមា និងសូមសួរសុខទុក្ខចំពោះប្រតិភូដឹកនាំ និងកីឡាករទាំងអស់ដែលមានវត្តមាននៅទីនេះ ។

កាប្រកួតកីឡាប៊ូល និងប៉េតង់នាពេលនេះ បានបង្ហាញឲ្យឃើញថា វិស័យកីឡាក្នុងខេត្តកណ្តាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកអភិបាល នៃ គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ដែលបានខិតខំគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែក ស្មារតី សម្ភារ និងថវិកា ក្នុងនោះការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សក្តានុពលក្នុងខេត្ត និងបានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពជាអាទិភាព ផ្តោតលើ និងធនធានកីឡាករ-កីឡាការិនីលើប្រភេទកីឡាដែលមាននៅក្នុងខេត្តកណ្តាលនេះ។

លោកស្រី អនុប្រធានមន្ទីរអប់រំកាយ បានបន្ថែមថា បើយើងឆ្លុះបញ្ចាំងមកការប្រកួតរបស់យើងវិញ ឃើញថាក្រុមកីឡាករទាំងអស់បានយក ស្មារតីសាមគ្គីភាព និងមានសីលធ៌មប្រកបដោយការទទួលខុសត្រូវខ្ពស់មកអនុវត្តក្នុងការប្រកួត នេះបានល្អប្រសើរ ទាំងសាមគ្គីក្នុងក្រុម និងពីក្រុមមួយ ទៅក្រុមមួយទៀត ដែលធ្វើឱ្យការប្រកួត នេះទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ទីមោទនៈ។ ខ្ញុំសង្ឃឹមថា នៅការប្រកួតក្រោយៗទៀត នឹងមាន ក្រុម ឬក្លឹបចូលរួមបានច្រើនកុះករជាងនេះ។
វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។
លោកស្រី ឃុន សុខុម បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការ សកម្មភាពស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួមទាំងអភិវឌ្ឍន៍មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ ។
ការប្រកួតកីឡា ប៉េតង់ និងប៉ូលជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលឆ្នាំ២០២៦ នេះក្រុមកីឡាករ-កីឡាការិនីប៉េតង់វ័យចាស់ និង យុវជន-យុវនារីជាង ២៦ ក្រុមចូលរួម ដោយការប្រកួតនេះ ធ្វើឡើងជំរុញការអភិឌ្ឍវិស័យកីឡាប៉ូល និងប៉េតង់ខេត្តឲ្យមានការរីកចម្រើន និងមានសក្តានុពលក្នុងខេត្ត និងដើម្បីជ្រើសរើសស្វែងរកកីឡាករ កីឡាការិនីឆ្នើមចូលរួមព្រឹតិ្តការណ៍នានាកម្រិតទូទាំងប្រទេស។ ការប្រកួតឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីប៉េតង់វ័យចាស់ និងយុវជន-យុវនារី ជាង២៦ ក្រុម ក្នុងនោះក្រុមកីឡាករប៉េតង់វ័យចាស់មានចំនួន ១៩ ក្រុម និងក្រុមកីឡាករ-កីឡាការិនីប៉េតង់យុវជន-យុវនារីចំនួន ៧ ក្រុម លើក៤ វិញ្ញាសារួមមាន វិញ្ញាសា ២ទល់នឹង ២ នាក់ នារី និងវ័យចាស់ និងវិញ្ញាសា ៣ទល់នឹង ៣ នាក់ នារី និងវ័យចាស់៕
ដោយ៖លី ភីលីព
