កីឡា

Cristiano Ronaldo និងគូដណ្តឹងបង្ហាញ រថយន្ត និងគ្រឿងអលង្ការតម្លៃ ២០ លានដុល្លារ ជាមួយរូបថតតែមួយសន្លឹក លើប្រព័ន្ធផ្សព្វផ្សាយសង្គម

អេស្ប៉ាញ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo និងគូដណ្តឹងរបស់លោក អ្នកនាង Georgina Rodriguez ថ្មីៗនេះបានបង្ហាញទ្រព្យសម្បត្តិ ដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួក គេលើរូបថតតែមួយសន្លឹក ដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដ៏ប្រណីតៗដែលមានតម្លៃជាង ២០ លានដុល្លារអាមេរិក។

រូបថតនេះត្រូវបានបង្ហោះនៅលើ Instagram Story របស់អ្នកនាង Rodriguez ត្រូវបានថតក្នុងរថយន្ត Bugatti Centodieci ដ៏កម្រមួយគ្រឿងមានតម្លៃប្រហែល ១៣.៦ លានដុល្លារ។

នេះបើយោងតាមកាសែតព័រទុយហ្គាល់ A Bola បាននិយាយថា លោក Ronaldo ពាក់នាឡិកា Patek Philippe តម្លៃ ៧០៨,000 ដុល្លារ ខណៈអ្នកនាង Rodriguez ពាក់នាឡិកាម៉ាកដូចគ្នា តម្លៃ ៤៤៥,000 ដុល្លារ រួមជាមួយនឹងចិញ្ចៀនពេជ្ររាងស៊ុតតម្លៃ ៦ លានដុល្លារ ។ តម្លៃសរុបនៃរបស់របរលើរូបថត ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃជាង ២០ លានដុល្លារ ។

យោងតាមរបាយការណ៍ខែតុលា ឆ្នាំ២០២៥ ពីទស្សនាវដ្តី Forbes បានឲ្យដឹងថា លោក Ronaldo ជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតលើពិភពលោក មានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៤ពាន់លានដុល្លារអាមេរិក។ ផ្នែកដ៏សំខាន់នៃទ្រព្យសម្បត្តិនេះបានមកពីកិច្ចសន្យារបស់លោកជាមួយក្លឹប Al Nassr របស់អារ៉ាប៊ីសាអូឌីត ជាកន្លែងដែលលោកទទួលបានប្រាក់ខែមិនជាប់ពន្ធជាង ២០០លានដុល្លារជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០២៣។

ខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ ពីមុនបានបង្កើតអាណាចក្រហិរញ្ញវត្ថុរបស់លោក នៅពេលលោកនៅក្លឹប Manchester United Real Madrid និង Juventus ជាមួយនឹងកិច្ចសហប្រតិបត្តិការអាជីវកម្មសកល និងកិច្ចព្រមព្រៀងផ្សព្វផ្សាយ។ លោកបានជួបអ្នកនាង Rodriguez នៅទីក្រុងម៉ាឌ្រីដ ឆ្នាំ២០១៦ ហើយប្តីប្រពន្ធនេះមានកូន ២ នាក់ជាមួយគ្នា រួមជាមួយនឹងកូន៣នាក់ដែល លោក Ronaldo បានទទួលតាមរយៈការសម្រាលកូនជំនួស។

នៅលើទីលាន លោក Ronaldo នៅតែបន្តកាន់កំណត់ត្រា សម្រាប់គ្រាប់បាល់អាជីព ដែលរកបានច្រើនជាងគេគឺ ៩៦៥គ្រាប់ ដែលធ្វើឲ្យលោកនាំមុខគូប្រជែងយូរអង្វែង របស់លោកគឺកីឡាករបាល់ទាត់ Lionel Messi ចំនួន ៦៤គ្រាប់៕

Most Popular

To Top