កីឡា

គ្រូបង្វឹកម៉ាឡេស៊ី ប្តេជ្ញាយកឈ្នះវៀតណាម ដើម្បីបំផុតស្មារតីក្រុម ចំពេលមានរឿងអាស្រូវ កីឡាករចូលសញ្ជាតិ

ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី លោក Peter Cklamovski នៅតែប្តេជ្ញាដឹកនាំម៉ាឡេស៊ីទៅរកជ័យជម្នះលើក្រុមម្ចាស់ផ្ទះវៀតណាម ទោះបីជាមានការពិន័យលើក្រុម ក្នុងវគ្គជម្រុះ Asian Cup 2027 ចំពោះការប្រើកីឡាករចូលសញ្ជាតិ ដែលមិនមានសិទ្ធិក៏ដោយ។

ដំបូងឡើយ ម៉ាឡេស៊ីបានយកឈ្នះវៀតណាម ៤-០ និងនេប៉ាល់ ២-០ ក្នុងជើងទីមួយនៃពូល F នៃវគ្គជម្រុះនៅពហុកីឡដ្ឋាន Bukit Jalil កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា ក៏ដោយ សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានប្រគល់ការពិន័យដល់ម៉ាឡេស៊ី ០-៣ ចំពោះការបញ្ជូនកីឡាករកើតនៅបរទេស ដែលមានឯកសារចូលសញ្ជាតិក្លែងក្លាយ។

លទ្ធផលទាំងនេះបានទម្លាក់ម៉ាឡេស៊ី ចេញពីចំណាត់ថ្នាក់កំពូលក្នុងពូល ក្នុងពេលជាមួយគ្នានេះធ្វើឲ្យវៀតណាម មានសិទ្ធិចូលរួមជាផ្លូវការ សម្រាប់ពានរង្វាន់ Asian Cup 2027 ។ ជាលទ្ធផល ការប្រកួតត្រឡប់មកវិញដែលគ្រោងធ្វើនៅថ្ងៃអង្គារនៅពហុកីឡដ្ឋាន Thien Truong ទីក្រុង Ninh Binh លែងមានតម្លៃទាក់ទងនឹងការជម្រុះទៀតហើយ។ ទោះជាយ៉ាងណាក៏ដោយ Cklamovski មិនមានបំណងចាត់ទុកវាស្រាលនោះទេ ។

លោក Cklamovski បាននិយាយក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃចន្ទថា អ្វីដែលបានកើតឡើងបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ចិត្តរបស់កីឡាករម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ។ ប៉ុន្តែយើងនឹងព្យាយាមប្រែក្លាយការខកចិត្តនោះ ទៅជាការលើកទឹកចិត្តដើម្បីពង្រឹងស្មារតីរបស់ពួកគេ។

ម៉ាឡេស៊ីផ្តោតតែលើអ្វី ដែលក្រុមអាចសម្រេចបាននៅពេលនេះ ហើយកីឡាកររបស់ខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងតាំងពីដើមដំបូងនៃជំរំហ្វឹកហាត់នេះ ដោយមានគោលដៅយកឈ្នះវៀតណាម ដើម្បីបំភ្លេចការខកចិត្តនៃការមិនមានសិទ្ធិចូល រួមសម្រាប់ពានរង្វាន់  Asian Cup  ។

ម៉ាឡេស៊ីមិនបានយកឈ្នះវៀតណាមទេចាប់តាំង ពីជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup ឆ្នាំ ២០១៤។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ កំណត់ត្រាជួបគ្នារបស់ម៉ាឡេស៊ី ទល់នឹងវៀតណាមគឺអាប់អួរ ដោយមានតែឈ្នះពីរលើក ស្មើពីរលើក និងចាញ់ ១៣ លើកប៉ុណ្ណោះ។

គ្រូបង្វឹកអូស្ត្រាលីរូបនេះបានបន្ថែមថា យើងចង់បញ្ច្រាសប្រវត្តិសាស្ត្រ ពីព្រោះក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ម៉ាឡេស៊ីមិនបានយកឈ្នះវៀតណាមទេ។ ក្រុមនឹងព្យាយាមធ្វើអ្វីដែលពិសេសសម្រាប់ប្រទេស ជំរុញវិស័យបាល់ទាត់ម៉ាឡេស៊ី និងបង្កើតសន្ទុះល្អសម្រាប់ការប្រកួតនាពេលខាងមុខ៕

Most Popular

To Top