ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ បន្តទិសដៅឆមាសទី២ និងពិភាក្សាការងារផ្សេងៗដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន អគ្គលេខាធិការ គ្រូបង្វឹក និងសមាជិកប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់កម្ពុជានៅសាលតុមូលនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ឈុំ វាសនា អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធបានប្រជុំបន្ទាន់ដើម្បីជ្រើសរើសគ្រូបង្វឹក ចំនួន ៣ នាក់ (គ្រូបង្វឹកជម្រើសជាតិ គ្រូជំនួយ គ្រូថ្នាល) អត្តពលិក ជម្រើសជាតិ ចំនួន៦នាក់ (បុរស៤នាក់ នារី២នាក់) និងក្រុមផ្ទាល ចំនួន៤នាក់ (បុរស៣នាក់ នារី១នាក់) តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស គុណផល កីឡាត្រៀមលក្ខណៈចូលរួម ការប្រកួតកីឡាអាស៊ីលើកទី២០ នៅប្រទេសជប៉ុន ការប្រកួតកីឡាយុទ្ធគុនចម្រុះ និងក្នុងសាលលើកទី៦ នៅអារ៉ាប៊ីសាអូឌីត ប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ការប្រកួតកីឡាអូឡាំពិកយុវជនរដូវក្តៅលើកទី៤ ឆ្នាំ២០២៦ នៅប្រទេសសេណេហ្គាល់ ព្រមទំាំងត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ ២០២៨ ការប្រកួតកីឡាយុវជនអាស៊ីលើកទី៤ ឆ្នាំ២០២៩ នៅអ៊ូសបេគីស្ថាន និងត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០៣១ និងការប្រកួតកីឡាលក្ខណៈអន្តរជាតិ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបន្តថា សហព័ន្ធបានត្រៀមរៀបចំកែសម្រួលផែនការអភិវឌ្ឍអត្តពលិក បង្កើតក្លិប បណ្តុះបណ្តាល និងប្រកួត ដោយប្រៀបធៀប នឹងសេចក្តីជូនដំណឹងស្តីពីការប្រមូលក្រុមជម្រើសជាតិ និងក្រុមផ្ទាលឆ្នាំ២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា។

សហព័ន្ធបានទំនាក់ទំនង និងទទួលសម្ភារៈហ្វឹកហាត់ និងប្រកួតសម្រាប់ក្រុមផ្ទាលពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងធ្វើការទំនាក់ទំនងជាប់ជាប្រចាំជាមួយសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ អាស៊ី អាស៊ីអាគ្នេយ៍ និងបណ្តា សហព័ន្ធកីឡាជាតិដទៃទៀតមួយចំនួនក្នុងតំបន់ និងបានទំនាក់ទំនងជាមួយផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ដើម្បីកញ្ចប់ថវិកាអភិវឌ្ឍប្រចាំឆ្នាំ២០២៦ ៣។

បានបញ្ជូនលិខិតឆ្លើយតប និងស្នើសុំការសម្របសម្រួលពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងអាស៊ី ចូលរួមជាតំណាងសហព័ន្ធក្នុងកិច្ចប្រជុំធម្មនុញ្ញកីឡាអាស៊ីនៅប្រទេសឥណ្ឌា និងការជួយសម្រួលបានចូលរួមជាមន្ត្រីបច្ចេកទេសក្នុងព្រឹត្តការណ៍កីឡាលើកទម្ងន់ជើងឯកអាស៊ី ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា ការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ធំកម្រិតអន្តរជាតិឆ្នាំ២០២៦ និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ ២០២៨ និងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០៣១ និងការប្រកួតកីឡាលក្ខណៈអន្តរជាតិ ត្រូវដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងគុណផលកីឡាករ-កីឡាការិនីលើកទម្ងន់កាន់តែល្អប្រសើរ ។ តាមរបាយការណ៍លោកអគ្គលេខាធិការ ឆ្នាំ២០២៦ ក្រុមជម្រើសជាតិទាំងឈុតធំ និងឈុតថ្នាលមានចំនួនតិច ហើយសហព័ន្ធត្រូវមានកីឡាករ-កីឡាការិនីបម្រុងនោះ យើងត្រូវស្វែងរកថវិកាជួយដល់កីឡាករ-កីឡាការិនីបម្រុងតាមការចំបាច់៕
ដោយ៖លី ភីលីព
