ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងប្រធានគណៈកម្មការអត្តពលិកកម្ពុជា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រដើម្បីការពារសុវត្ថិភាព ពីការហ្វឹកហាត់ចៀសវាងទទួលរបួស បញ្ហារបួសក្នុងអំឡុង ពេលហ្វឹកហាត់ និងបន្ទាប់ពីការហ្វឹកហាត់ (Injury Prevention) នៅសាលប្រជុំធំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ហែម គីរី អនុប្រធានគណៈកម្មការអត្តពលិកកម្ពុជា បានប្រាប់ឲ្យថា វគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រ ដើម្បីការពារសុវត្ថិភាពពីការហ្វឹកហាត់ចៀស វាងទទួលរបួសមាន បញ្ហារបួសក្នុងអំឡុងពេលហ្វឹកហាត់ និងបន្ទាប់ពីការហ្វឹកហាត់ ដោយមានការចូលរួមពីគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាជម្រើសជាតិ ក្រុមកីឡាថ្នាល និងក្រុមកីឡាជនពិការ ឆ្នាំ២០២៦ លើ ៤០ ប្រភេទកីឡា ក្រោមការសហការរវាង គណៈកម្មការអត្តពលិកកម្ពុជា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោកអនុប្រធានគណៈកម្មការអត្តពលិកកម្ពុជាបានបន្តថា កីឡាទាំង៤០ ប្រភេទរួមមាន កីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយសី កីឡាបាល់បោះ កីឡាប្រដាល់សកល កីឡាទូកប្រពៃណី កីឡាទោចក្រយាន កីឡាជិះសេះ កីឡាគុនដាវ កីឡាបាល់ទាត់ កីឡាវាយកូនគោល កីឡាកាយសម្ព័ន្ធ កីឡាហុកគី កីឡាយូដូ កីឡាទូកក្តោង កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាវាយកូនបាល់ និងកីឡាទ្រីយ៉ាត្លុង។
កីឡាបាល់ទះ កីឡាចំបាប់ កីឡាលើកទម្ងន់ កីឡាការ៉ាតេ កីឡាជឺជីស៊ូ កីឡាសូហ្វតិនី្នស កីឡាយុទ្ធគុចម្រុះ កីឡាសីដក់ កីឡាបាល់ទាត់លើតុ កីឡាវូស៊ូ កីឡាអុកចត្រង្គ កីឡាគុនខ្មែរ កីឡាគុនល្បុក្កតោ កីឡារាំ កីឡាវ៉ូវីណាម កីឡាឃីកប៊ុកស៊ីង កីឡាប៉េតង់ កីឡាប៊ីយ៉ា កីឡាបញ្ចស៊ីឡាត់ និងកីឡាម៉ូតូទឹក ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វិទ្យាសាស្ត្រកីឡាពិត ជាមានសារសំខាន់សម្រាប់គ្រូបង្វឹក អត្តពលិកក្នុងការបង្វឹក និងហាត់ហ្វឹកហ្វឺនបំប៉នគុណភាពបច្ចេកទេស ជាពិសេសការឈ្វេង យល់អំពីការបង្ការ មុនពេលគ្រោះថ្នាក់ ដូច្នេះលោកបានអំពាវនាវឲ្យសិក្ខាកាម យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ។

វគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រដើម្បីការពារសុវត្ថិភាព ពីការហ្វឹកហាត់ចៀស វាងទទួលរបួស យើងមានបំណងរៀប ចំឲ្យបានញឹកញាប់ ពោល គឺអាចធ្វើឡើង ជារៀងរាល់ខែ ដើម្បីបញ្ជ្រាបចំណេះដឹង ពីភាពទូលំទូលាយ នៃវិទ្យាស្ត្រកីឡាឱ្យគ្រូបង្វឹក និងអត្តពលិកកម្ពុជាមាន ចំណេះដឹងកាន់តែប្រសើរបន្តិចម្តងៗ ពីព្រោះថា វគ្គបណ្តុះបណ្តាលតែម្តងមិនអាចធ្វើឲ្យសិក្ខាកាមចាប់បានទាំងអស់នោះទេ ។ ការថែរក្សាសុខភាព ឬការថែរក្សាគ្រោះថ្នាក់ អំឡុងពេលហ្វឹកហាត់ និងក្រោយពេលហ្វឹកហាត់ គឺជាផ្នែកមួយនៃវិទ្យាស្ត្រកីឡា៕






