ភ្នំពេញ៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋាន និងកីឡា តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពស្តីពីការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ក្នុងពហុកីឡដ្ឋានជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈុន ចាន់ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយករៀបចំព្រឹត្តការណ៍ និងស្ថិតិកីឡា លោក ដួង សុចិត្រ នាយករងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងសិក្ខាកាមទាំងអស់។

លោក ហួត សេងទ្រី ប្រធាននាយករៀបចំព្រឹត្តការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា អនុលោមតាមផែនការសកម្មភាពក្នុងការពង្រឹងសមត្ថភាពមន្ត្រីកីឡា និងដើម្បីត្រៀមលក្ខណៈឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ និងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗនាពេលខាងមុខ អង្គភាពបានរៀបចំវគ្គបំប៉នសមត្ថភាពស្តីពី “ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា” បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត សហព័ន្ធកីឡាជាតិ និងគ្រឹះស្ថានឧត្តមសិក្សាសរុបរួម សិក្ខាកាមចំនួន ៧១នាក់ ស្រី ១១នាក់។វគ្គបំប៉ននេះបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។ សិក្ខាកាមទាំងអស់មានការយល់ដឹងកាន់តែស៊ីជម្រៅ ដែលជាទុនយ៉ាងសំខាន់សម្រាប់ការយកទៅអនុវត្តផ្ទាល់ ក្នុងព្រឹត្តិការណ៍កីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ និងការត្រៀមលក្ខណៈសម្រាប់កីឡាសាកលវិទ្យាល័យអាស៊ាន ២០២៨ ខាងមុខ។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណចំពោះនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាបានផ្តួចផ្តើមរៀបចំវគ្គបំប៉ននេះឡើង ដើម្បីពង្រឹងសមត្ថភាព ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងបង្កើនធនធានមន្រ្តីកីឡានៅតាមមន្ទីរអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធបំរើឱ្យការងារកីឡា និងសហព័ន្ធកីឡាជាតិ ទទួលបានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់ ជាពិសេស គឺការត្រៀមលក្ខណៈចូលរួមរៀបចំការប្រកួតសាកលវិទ្យាល័យ អាស៊ានលើកទី២៣ ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ីស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា វគ្គបំប៉ននេះមិនមែនត្រឹមតែជាការចែករម្លែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងវិស័យកីឡារបស់យើងចាប់ពីកម្រិតសាលារៀនរហូតដល់កម្រិតអាជីព និងកីឡាជនពិការ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការធ្វើម្ចាស់ផ្ទះ កីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងព្រឹត្តិ ការណ៍អន្តរជាតិដទៃទៀត។មិនថាការប្រកួតនោះស្ថិតក្នុងកម្រិតមធ្យមសិក្សា ឬកម្រិតជាតិឡើយ សូមបន្តប្រកាន់ខ្ជាប់នូវបទបញ្ជាបច្ចេកទេស និងការរៀបចំទីលាន (Overlay) ឲ្យបានត្រឹមត្រូវបំផុត។ ស្តង់ដារគឺជាមធ្យោបាយតែមួយគត់ ជួយឲ្យកីឡាកររបស់យើងអាចមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិបាន។

លោកលោក ប៉ុន សុខ បានបន្ថែមថា សម្រាប់បងប្អូនមកពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក និងគ្រឹះស្ថានសិក្សា សូមយកចិត្តទុកដាក់ខ្ពស់លើការរៀបចំព្រឹត្តិការណ៍បង្កលក្ខណៈងាយស្រួលដល់កីឡាករមានពិការភាព។ ការរៀបចំឲ្យមានបរិយាកាសកីឡាដែលគ្មានឧបសគ្គ គឺជាសញ្ញាណនៃវឌ្ឍនភាពសង្គម។ក្នុងយុគសម័យកីឡាទំនើប យើងមិនអាចខ្វះ IT បានឡើយ។ សូមជំរុញការប្រើប្រាស់ប្រព័ន្ធចុះឈ្មោះអនឡាញ ការគ្រប់គ្រងទិន្នន័យស្ថិតិ និងការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីបង្កើនតម្លាភាព និងភាពទាក់ទាញដល់អ្នកគាំទ្រ៕



ដោយ៖លី ភីលីព
