ភ្នំពេញ៖លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជានាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ រៀបចំកម្មវិធី Young Athletes (YA) របស់គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជាគឺជាកម្មវិធីកីឡា និងការលេងបែបបរិយាបន្ន សម្រាប់កុមារមានពិការភាពបញ្ញា និងគ្មានពិការភាពបញ្ញា ដែលមានអាយុចន្លោះពី ២ ដល់ ៧ ឆ្នាំដែលបានប្រព្រឹត្តិ នៅសាលាអប់រំពសេសនៃការលូតលាស់ រៀបចំដោយគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយសាលាអប់រំពិសេស នៃការលូតលាស់។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា កម្មវិធីកីឡា និងការលេងបែបបរិយាបន្នសម្រាប់កុមារដែលមានពិការភាពបញ្ញា និងគ្មានពិការភាពបញ្ញា ដែលមានអាយុចន្លោះពី ២ ដល់ ៧ ឆ្នាំធ្វើឡើងក្នុងគោលបំណង ចម្បងដោយផ្តោតលើការណែនាំកុមារឲ្យស្គាល់ពិភពកីឡាតាំងពីក្មេង ដើម្បីអភិវឌ្ឍជំនាញ រាងកាយ ស្មារតី បំណិនជីវិត និងទំនាក់ទំនងសង្គម ។ វាជាស្ពានចម្លងមុន នឹងពួកគេឈានចូលទៅប្រកួតក្នុងកម្មវិធីស្ប៉េស្យាល់អូឡាំពិកពេញលេញ (ចាប់ពីអាយុ ៨ ឆ្នាំឡើង)។
អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបន្តថា កម្មវិធិមានអត្ថប្រយោជន៍សំខាន់ៗ ជាច្រើនក្នុងការអភិវឌ្ឍរាងកាយដូចជាពង្រឹងជំនាញចលនាគ្រឹះដូចជា ការដើរ ការរត់ ការលោត មានតុល្យភាព និងការបោះ/ចាប់បាល់ ។ ការយល់ដឹង និងអារម្មណ៍ដោយជួយ ឲ្យកុមាររៀនធ្វើតាមការណែនាំ បង្កើនទំនុកចិត្តលើខ្លួនឯង និងរៀនដោះស្រាយបញ្ហា។ បរិយាបន្នសង្គមផ្តល់ឱកាសឲ្យកុមារដែលមានពិការភាព និងគ្មានពិការភាពលេងជាមួយគ្នា និងជួយកាត់បន្ថយការរើសអើង និងបង្កើតមិត្តភាពតាំងពីតូច។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ បានបញ្ជាក់ថា សកម្មភាព ត្រូវបានរៀបចំឡើងជាជំហានៗ ដើម្បីឲ្យសមស្រប តាមការលូតលាស់របស់កុមារ ទំាងការលំហាត់ប្រាណកម្តៅសាច់ដុំ និងការធ្វើចលនាងាយៗ ចំណែកការដើរ និងការរត់ជួយបង្កើនល្បឿន និងទិសដៅ ចំណែកតុល្យភាព និង ការលោតជួយពង្រឹងលំនឹងដងខ្លួន និងការប្រើប្រាស់ ឧបករណ៍រួមមាន ការទាត់បាល់ ការវាយកូនបាល់ និងការបោះបាល់ចូលទី។
កម្មវិធីនេះ មានភាពបត់បែនខ្ពស់ដែលអាចអនុវត្តបានដូចជា នៅសាលារៀន៖ក្នុងថ្នាក់មត្តេយ្យ ឬបឋមសិក្សា។ សហគមន៍៖ តាមរយៈក្លឹបកីឡា ឬសួនសាធារណៈ និងផ្ទះ៖ មាតាបិតាអាចប្រើប្រាស់មគ្គុទ្ទេសក៍របស់ Young Athletes ដើម្បីលេងជាមួយកូនៗបាន៕






