ភ្នំពេញ ៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលមហាសង្ក្រាន្ត នឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០៖៤៨នាទី ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានអញ្ជើញ ចូលរួមរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជននិងកីឡានៅស្តីការក្រសួងអប់រំ យុវជននិងកីឡា ។

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជារៀងរាល់ឆ្នាំ ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី ដែលនឹងចុះអភិបាល ជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល និងជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្ត ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងមានការសម្តែងរបាំ ត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ត្រៀមទទួលអំណរសាទរ និងសេចក្តីសុខ សេចក្តីចម្រើនសិរីឆ្នាំថ្មីផងដែរ។

ក្នុងឱកាសខិតជិតមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបឲ្យទទួលបាននូវសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង មានសុភមង្គលគ្រប់ក្រុមគ្រួសារ ព្រមទាំងទទួលបានជោគជ័យរាល់ភារកិច្ចការងារនានាក្នុងឆ្នាំថ្មី និងជានិច្ចនិរន្តរ៍តរៀងទៅ៕



