ភ្នំពេញ ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនមន្រ្តីបច្ចេកទេសរបស់ខ្លួន ទៅចូលរួមជាមន្រ្តីបច្ចេកទេស កាត់ក្តីក្នុងព្រឹត្តិការណ៍ ការប្រកួតជើងឯកហែលទឹក ម៉ាឡេស៊ីលើកទី 68 MILO/MAS ឆ្នាំ២០២៦ លើកទី៦៨ របស់ប្រទេសម៉ាឡេស៊ី “68th MILO/MAS Malaysia Open Swimming Championships 2026” ក្រោមការអញ្ជើញពីសហព័ន្ធ កីឡាហែលទឹកអាស៊ីអាគ្នេយ៍។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ដោយទទួលបាន គោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចចាត់បញ្ជូន លោក ឆោម ច័ន្ទថុន មន្រ្តីបច្ចេកទេសកីឡាហែលទឹកថ្នាក់ជាតិ ឆ្នាំ២០២៦ ទៅចូលរួមជាមន្រ្តីបច្ចេកទេសក្នុងការប្រកួត 68th MILO/MAS Malaysia Open Swimming Championships 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាហែលទឹកបានបន្តថា បញ្ជូនមន្រ្តីបច្ចេកទេស របស់សហព័ន្ធខ្មែរកីឡាហែលទឹក លើនេះដោយមានអញ្ជើញពីគណៈកម្មការ នៃគណៈកម្មការសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ ហើយនេះជាមន្រ្តីជាទី៣ ហើយដែលបានចូលរួម ជាមន្ត្រីកាត់ក្តីការប្រកួតកម្រិតអន្តរជាតិ សហព័ន្ធខ្មែរកីឡាហែលទឹក បន្ទាប់រូបលោក និងលោក នាង សូរិទ្ធិយ៉ា៕
ដោយ៖លី ភីលីព
