កីឡា

FIFA បើកសំណុំរឿងវិន័យ ប្រឆាំងនឹងសហព័ន្ធអេស្ប៉ាញ ជុំវិញការស្រែកច្រៀងប្រឆាំងនឹងមូស្លីម

ZURICH ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” នៅថ្ងៃអង្គារបានបើកសំណុំរឿងវិន័យ ប្រឆាំងនឹងសហព័ន្ធបាល់ទាត់អេស្ប៉ាញ ដោយសារតែការស្រែកច្រៀងប្រឆាំង នឹងមូស្លីមដែលធ្វើឡើងដោយអ្នកគាំទ្រ អេស្ប៉ាញ ក្នុងអំឡុងពេលការប្រកួតជាមួយអេហ្ស៊ីបកាលពីសប្តាហ៍មុន។

ការស្រែកច្រៀងទាំងនេះបានទាក់ទាញការថ្កោលទោសពីតារាអេស្ប៉ាញ Lamine Yamal រដ្ឋាភិបាលអេស្ប៉ាញ និងសហព័ន្ធបាល់ទាត់ខ្លួនឯង។

ប៉ូលីសអេស្ប៉ាញបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតអាកប្បកិរិយារបស់អ្នកគាំទ្រក្នុងអំឡុងពេលការប្រកួតមិត្តភាពកាលពីថ្ងៃអង្គារសប្តាហ៍មុន បានធ្វើឡើងនៅទីក្រុងបាសេឡូណា។

ស្ថាប័នគ្រប់គ្រងបាល់ទាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា FIFA បានបើកសំណុំរឿងវិន័យនៅថ្ងៃនេះប្រឆាំងនឹង FA អេស្ប៉ាញ ចំពោះឧប្បត្តិហេតុនៅក្នុងការប្រកួតមិត្តភាពជាមួយអេហ្ស៊ីប”។

កីឡាករ Yamal ជាអ្នកកាន់សាសនាអ៊ីស្លាម បាននិយាយថា ការស្រែកច្រៀងដែលធ្វើឡើងដោយអ្នកគាំទ្រមួយចំនួននៅកីឡដ្ឋាន RCDE គឺជាការមិនគោរព និងមិនអាចអត់ឱនបាន។ កីឡាករបាល់ទាត់ Barcelona រូបនេះបាននិយាយថា វាមិនមានបញ្ហាទេដែលគាត់មិនត្រូវបានគេកំណត់គោលដៅ៕

Most Popular

To Top