ខេត្តកណ្តាល ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូបានសហការជាមួយសាលាស្មាតស្តាតអន្តរជាតិនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ រៀបចំសម្តែងកីឡាហាប់គីដូ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ និងអបអរសាទរការបង្កើតក្លិបកីឡាហាប់គីដូសាលាស្មាតស្តាតអន្តរជាតិ ដែលនឹងបើកដំណើរការជាផ្លូវការដើមខែឧសភា ស្ថិតភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រាប់ឲ្យដឹងថា ថ្ងៃនេះដោយមានការអនុញ្ញាតឧញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ និងទទួលបានអនុញ្ញាតពីថ្នាក់ដឹកនាំសាលាស្មាតស្តាតអន្តរជាតិ សហព័ន្ធបញ្ជូនកីឡាករ-កីឡាការិនីសម្តែងដើម្បីបង្ហាញក្បាច់គុនហាប់គីដូដល់សិស្សានុសិស្សកំពុងសិក្សានៅទីនេះ។ សហព័ន្ធ និងសាលាមានគោល បំណងបញ្ចៀបវិស័យកីឡា ជាពិសេសកីឡាហាប់គីដូ ហើយនេះជាគោលបំណង របស់សាលាស្មាតស្តាតអន្តរជាតិដែរ ។ សាលានឹងពិនិត្យមើលទៅតាមលទ្ធភាព និងទៅតាមការជាក់ស្តែង ។

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានបន្តថា សហព័ន្ធខ្មែរកីឡាហាប់គីដូ បានសហការជាមួយសាលាស្មាត ស្តាតអន្តរជាតិជាមួយគ្នា បង្កើតក្លិបកីឡាហាប់គីដូសាលាស្មាតស្តាតអន្តរជាតិ។ យោងតាមផែនការមេរបស់ឧញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ ដើម្បីជំរុញ និងអភិឌ្ឍនកីឡាហាប់គីដូ តាមសាលារដ្ឋ និងសាលាឯកជន នានាទូទាំងប្រទេសកម្ពុជា ក្នុងការបង្កើតធនធានមនុស្សឆ្នើម លើប្រភេទកីឡាហាប់គីដូ សម្រាប់ចូលរួមព្រឹត្តិការណ៍នានា លើកឆាតអន្តរជាតិដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ។

លោក ស៊ិន ចាន់វាសនា នាយកសាលាស្មាត ស្តាតអន្តរជាតិ បាននិយាយថា សាលាមានគោលបំណង និងជំរុញសិស្សានុសិស្ស ហ្វឹកហាត់កីឡា ពីព្រោះកីឡាជួយឲ្យពួកគាត់សុខភាពល្អ ភាពក្លាហាន និងបញ្ញាវាងវៃថែមទៀតផង ។ សហព័ន្ធ និងសាលាមានគោលបំណង បញ្ចៀបវិស័យកីឡា ក្នុងការបង្កើតធនធានមនុស្សឆ្នើម លើប្រភេទកីឡាហាប់គីដូ សម្រាប់ចូលរួមព្រឹត្តិការណ៍នានា លើកឆាតអន្តរជាតិដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ចេញពីសាលានេះ៕






