កីឡា

លោកបណ្ឌិត ជ័យ ចាប៖ ការប្រកួតនេះដើម្បីវាស់ស្ទង់ សមត្ថភាពបច្ចេកទេស និងផ្តល់ឱកាសបញ្ចេញនូវទេពកោសល្យ សមត្ថភាពរបស់កីឡាករ-កីឡាការិនីតុងហ្គីលម៉ូដូ

ភ្នំពេញ៖ លោកបណ្ឌិត ជ័យ ចាប ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង និង ជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា និង លោក ប៉ូ ជុំសេរី អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីទ្បានាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២ បានអញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីទ្បា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងឱកាសដោយអញ្ជើញចូលរួមបិទការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ពីសំណាក់ លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង លោក សំ សុខយី អនុប្រធានតំណាងលោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺ នកីឡាលោក ចំរើន សុផល នាយកសហព័ន្ធសន្តិភាពប្រចាំឥណ្ឌូចិន និងជាតំណាងសហព័ន្ធកីឡាតុង ហ្គីលម៉ូដូពិភព និងលោក អុល យ៉ុង ប្រធានការិយាល័យ តំណាង សាកលវិទ្យាធិ ការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបណ្ឌិត ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នាពេលនេះ គឺជាការផ្ដល់ឳកាសឲ្យកីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់ សមត្ថភាពបច្ចេកទេសដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក។ លទ្ធផល របស់កីឡាករ-កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាម អំណត់អត់ធ្មត់ គោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត។

លោកប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានបន្តថា ជាថ្មីម្ដងទៀត សូមថ្លែងអំណរគុណចំពោះ ក្រសួងអប់រំ យុវជន និងកីឡាបានផលគាំទ្រទាំងថវិកា និងបច្ចេកទេសសម្រាប់សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាឲ្យមានដំណើរការយ៉ាងរលូន សូមអរគុណ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានផ្តល់ទីតាំងសម្រាប់ការប្រកួត និងសូមអរគុណអង្គការសហព័ន្ធគ្រួសារដើម្បីសន្តិភាពពិភពលោក និងការបង្រួបបង្រួមនៅកម្ពុជា ដែលបានផ្តល់ទីកន្លែងសម្រាប់ការស្នាក់នៅរបស់ប្រតិភូ គ្រូបង្វឹក-កីឡាករកីឡាការិនី និងសូមអរគុណដល់ក្រុមហ៊ុន គីរីសួ ផ្តល់ទឹកដោះគោស្រស់ដល់អត្តពលិក កំឡុងពេល ប្រកួត។ សូមកោតសរសើរចំពោះប្រតិភូដឹកនាំក្លិប សមាគម កីឡាតុងហ្គីលម៉ូដូ គ្រប់ស្ថាប័នអង្គភាពទាំងអស់ដែលបានបញ្ជូនប្រតិភូកីឡា របស់ខ្លួនចូលរួមក្នុងការប្រកួតខាងលើ ប្រកបដោយ មិត្តភាព សាមគ្គីភាពការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនគិតតែពីការឈ្នះចាញ់ ពោលគឺ ឈរលើស្មារតី នៃកីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនសមិទ្ធិផលបច្ចេកទេស។

បញ្ជាក់៖ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់១១ ខែមេ សា ឆ្នាំ២០២៦ នៅសាលទំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានការចូលរួមពីក្លិប ចំនួន ១១ និងកីឡាករ កីឡាការិនី ចំនួន ១០២នាក់ ស្រី ៣៥នាក់ មកពី៣រាជធានី ខេត្ត គឺរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពត ក្រោមការជួយគាំទ្រ និងឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមសហការគាំទ្រទីកន្លែងប្រកួតដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទីកន្លែងស្នាក់នៅសម្រាប់ប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនី មកពីបណ្តាលខេត្ត ដោយអង្គការសហព័ន្ធគ្រួសារដើម្បីសន្តិភាពពិភពលោក និងការបង្រួបបង្រួមនៅកម្ពុជា។

ក្លិបដែលចូលរួមទាំង១១ រួមមាន ក្លិបតុងហ្គីលម៉ូដូ វិទ្យាល័យបាក់ទូក ក្លិបតុងហ្គីលម៉ូដូ កាកាប១ ក្លិបតុងហ្គីលម៉ូដូ NPIC Jeju ក្លិបតុងហ្គីលម៉ូដូ ក្រុងកំពត ក្លិបតុងហ្គីលម៉ូដូ សន្តិភាព ក្លិបតុងហ្គីលម៉ូដូ ព្រះរាជសម្ភារ ក្លិបតុងហ្គីលម៉ូដូ ហនុមានកុមារ ក្លិបតុងហ្គីលម៉ូដូ ជុំគ្រៀល ក្លិបតុងហ្គីលម៉ូដូ សាលាតេជោហ៊ុនសែនគ្រួស ក្លិបតុងហ្គីលម៉ូដូ Educare Phnom Penh និងក្លិបតុងហ្គីលម៉ូដូ PSE៕

ដោយ៖លី ភីលីព

Most Popular

To Top