បច្ចេកវិទ្យា

មកស្គាល់ បច្ចេកវិទ្យា មួយជួយឲ្យវិស័យកសិកម្ម នៅអាហ្វ្រិក រីកចម្រើនឥតឈប់ឈរ

ប្រជាជន​ជាង​ពាក់​កណ្ដាល​នៅ​អាហ្វ្រិក ប្រកប​របរ​កសិកម្ម ដែល​ប្រទះ​បញ្ហា​ជា​ច្រើន​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ, ឧបករណ៍​មិន​គ្រប់គ្រាន់ និង​កង្វះ​ខាត​វិនិយោគ​ទុន បណ្ដាល​ឲ្យ​មាន​ផល​វិបាក​សម្រាប់​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​កំណើន​ប្រជាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ឥឡូវ​នេះ បច្ចេក​វិទ្យា​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា និង​ជួយ​ជីវ​ភាព​កសិករ។ ជាក់ស្ដែង​ក្នុង​ប្រទេស​ហ្កាណា ក្រុមហ៊ុន Acquahmeyer បាន​ដាក់​ជួល​នូវ​យន្ដហោះ​ដ្រូន​ដើម្បី​ឲ្យ​កសិករ​ប្រើប្រាស់​ពិនិត្យ​មើល​ដំណាំ និង​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​កន្លែង​ណា​ដែល​ចាំបាច់ ហើយ​កាត់​បន្ថយ​ការ​បំពុល និង​គ្រោះ​ថ្នាក់​ដល់​សុខភាព។ ជាមួយ​នឹង​យន្ដហោះ​ដ្រូន កសិករ​អាច​កំណត់​សត្វ​ល្អិត និង​ជំងឺ​នៅ​លើ​ដំណាំ​បាន​យ៉ាង​ច្បាស់លាស់ និង​បាញ់​ថ្នាំ​លើ​តែ​ដំណាំ​ណា​ដែល​ចាំ​បាច់​ប៉ុណ្ណោះ។ ការ​ធ្វើ​ដូច្នេះ បាន​រួម​ចំណែក​កាត់​បន្ថយ​​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​​ល្អិត​ប្រមាណ​ជា ៥០​ភាគរយ ហើយ​ស្រប​ទៅ​តា​ម​ស្ដង់​ដារ​នៃ​ការ​កំណត់​របស់​សហភាព​អ៊ឺរ៉ុប។

មុន​ពេល​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ដំណាំ​ភាគ​ច្រើន​របស់​អាហ្វ្រិក​ពិបាក​ក្នុង​ការ​នាំ​ចូល​ទៅ​កាន់​តំបន់​អ៊ឺរ៉ប​ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ច្រើន​លើស​លប់ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់។ ឥឡូវ​នេះ​ក្រុមហ៊ុន Acquahmeyer កំពុង​ធ្វើ​ការ​ជាមួយ​កសិករ​ជាង ៨​ពាន់​នាក់ ហើយ​ពួកគេ​បង់​ថ្លៃ​ជួល​ពី ៥ ទៅ​ដុល្លារ​ ១០​ប៉ុណ្ណោះ​​ក្នុង​ទំហំ​ដី​ជិត ៥ ០០០​ម៉ែត្រ​ការ៉េ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ខាងលើ​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០១៨ កន្លង​ទៅ​ជាមួយ​យន្ដហោះ​ដ្រូន​ត្រឹម ២​គ្រឿង​ប៉ុណ្ណោះ តែ​ឥឡូវ​កើន​ឡើង​ដល់ ១០​គ្រឿង និង​រក​ចំណូល​បាន​ពី ១៥ ០០០ ទៅ ៣០ ០០០​ដុល្លារ​ក្នុង​មួយ​គ្រឿងៗ។ ជាមួយ​នឹង​ផ្ទៃ​ដី​កសិកម្ម​ជាង ១៥​លាន​ហិចតា​ក្នុង​ប្រទេស​ហ្គាណា តម្រូវ​ការ​ប្រើប្រាស់​យន្ដហោះ​ដ្រូន ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា​អាច​នឹង​កើនឡើង​ថែម​ទៀត៕

ប្រភព ៖sabay.com.kh

Most Popular

To Top