តូក្យូ៖ ក្រុមហ៊ុន Hitachi Ltd និងក្រុមហ៊ុន Honda Motor Co បាននិយាយថា ពួកគេនឹងរួមគ្នាជាមួយក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តចំនួន៤ ក្រោមក្រុមហ៊ុន ថ្មីមួយ ដើម្បីជំរុញការប្រកួតប្រជែង ចំពេលមានបញ្ហាប្រឈម និងឱកាសជាច្រើនដែល បង្កើតឡើងដោយការលេចចេញ នូវរថយន្តស្វយ័ត និងអគ្គិសនីយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ។
ផែនការនេះបានឆ្លើយតប ទៅនឹងការប្រណាំងប្រជែង ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា ជំនាន់ថ្មី សម្រាប់ CASE ហៅថា “ការតភ្ជាប់ស្វ័យប្រវត្តិកម្មការចែករម្លែកនិង អគ្គិសនី “។
ការរួមបញ្ចូលគ្នានេះ រួមមានក្រុមហ៊ុន Hitachi Automotive Systems Ltd ជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេឡិចត្រូនិកយក្ស ក៏ដូចជាក្រុមហ៊ុន Keihin Corp, Showa Corp និង Nissin Kogyo Co ស្ថិតនៅក្រោមស្លាបរបស់ក្រុមហ៊ុន Honda ។
ការលក់រួមគ្នានៃក្រុមហ៊ុន ទាំង៤នឹងមានចំនួនប្រហែល ១,៨ ពាន់ពាន់លានយ៉េន (១៦,៥ ពាន់លានដុល្លារ) ធ្វើឲ្យក្រុមហ៊ុន ដែលរួមបញ្ចូលគ្នាក្លាយជា ក្រុមហ៊ុនផលិត គ្រឿងបន្លាស់រថយន្ត ឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន។
លោក Keiji Kojima អនុប្រធានក្រុមហ៊ុន Hitachi បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នានៅទីក្រុងតូក្យូថា “ អាជីវកម្មរបស់ក្រុមហ៊ុន ផលិតគ្រឿងបន្លាស់ រថយន្តកំពុងមានការផ្លាស់ប្តូរ” ។ លោកបានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នានេះ នឹងនាំឲ្យមានការអភិវឌ្ឍបច្ចេកវិទ្យា និងដំណោះស្រាយដែលមានការប្រកួតប្រជែង ដោយទាញយកអត្ថប្រយោជន៍ ពីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនថ្មី ក្នុងការផ្តល់ផលិតផល របស់ខ្លួននៅទូទាំងពិភពលោក ដល់អតិថិជន៕
ដោយ៖លី ភីលីព