បរទេស៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់នឹង មិនដកបម្រាមហាមមិនឲ្យ ពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិកនោះទេ ដោយលោកធ្វើការពិពណ៌នា ប្រទេសទាំងពីរថា ជាសត្រូវដែលមិនអាចកែប្រែបាន នៅមុនថ្ងៃគម្រប់ខួបទី៤០ នៃការរឹបអូសយកស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងតេអេរ៉ង់។
លោក Khamenei ត្រូវបានទូរទស្សន៍រដ្ឋដកស្រង់សម្តី ដែលនិយាយដូច្នេះថា “មធ្យោបាយមួយ ដើម្បីទប់ស្កាត់បិទការ ជ្រៀតជ្រែកនយោបាយអាមេរិកនោះ គឺការហាមឃាត់មិនឲ្យមានការពិភាក្សាណាមួយ ជាមួយសហរដ្ឋអាមេរិក នោះមានន័យថា អ៊ីរ៉ង់នឹងមិនទទួល យកសម្ពាធរបស់អាមេរិក ហើយអ្នកទាំងឡាយណា ដែលជឿថា ការពិភាក្សាចរចាគ្នា ជាមួយសត្រូវ នឹងដោះស្រាយបញ្ហា របស់យើងបាននោះ គឺខុស១០០ភាគរយ”។
គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងសត្រូវទាំងពីរនេះ បានឈានដល់កម្រិតវិបត្តិកាលពីឆ្នាំមុន បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ ២០១៥ រវាងប្រទេសអ៊ីរ៉ង់និងមហាអំណាច ពិភពលោកនានា ដោយទីក្រុងតេអេរ៉ង់ បានយល់ព្រមមិនបន្តកម្មវិធីនុយក្លេអ៊ែ ដើម្បីជាថ្នូរនឹងការលើកលែងទណ្ឌកម្ម៕ ប្រែសម្រួល៖ប៉ាង កុង