បរទេស៖ មុននេះ ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត លើច្រករបៀង Kartarpur ដែលនឹងអនុញ្ញាត ឱ្យអ្នកធ្វើធម្មយាត្រា Sikh មកពីប្រទេសឥណ្ឌា ទទួលបាន សិទ្ធិចូលទស្សនាដោយមិនចាំបាច់ មានទិដ្ឋាការនៅតំបន់ដ៏សក្ការៈ របស់សាសនា នៅខេត្ត Narowal នៃប្រទេស ប៉ាគីស្ថាន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានថ្លែងអំណរគុណដល់ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ចំពោះ“ កិច្ចសហប្រតិបត្តិការ” របស់លោក លើការបើកច្រករបៀង Sikh ដោយមិនចាំបាច់ប្រើទិដ្ឋាការ។
លោក Modi បាននិយាយថា «ខ្ញុំសូមថ្លែងអំណរគុណដល់ នាយករដ្ឋមន្រ្តីនៃប្រទេសប៉ាគីស្ថាន គឺលោក Imran Khan ចំពោះការគោរពមនោគតិរបស់ប្រទេសឥណ្ឌា។ ខ្ញុំសូមអរគុណគាត់ចំពោះកិច្ចសហប្រតិបត្តិការរបស់លោក»។ ច្រករបៀង Kartarpur គ្រោងនឹងបើកនៅថ្ងៃទី ៩ ខែវិច្ឆិកា។
អ្នកធ្វើធម្មយាត្រាឥណ្ឌា Sikhs បានត្រៀមខ្លួនរួចជា ស្រេចដើម្បី ធ្វើធម្មយាត្រាប្រវត្តិសាស្ត្រមួយ ទៅកាន់ ប្រទេសប៉ាគីស្ថាន ដោយឆ្លងទៅកាន់ កន្លែងមួយក្នុងចំណោម កន្លែងដែលមានជំនឿសាសនាបំផុត ក្រោមកិច្ចព្រមព្រៀង ដ៏សំខាន់មួយ រវាងប្រទេសទាំងពីរ៕ប្រែសម្រួលៈ ណៃ តុលា