បច្ចេកវិទ្យា

ពេលអ៊ីនធឺណិតយឺត តែងលោតអក្សរ E ដឹងវាមានន័យយ៉ាងម៉េចទេ?

ពេល​បើក​អ៊ីនធឺណិត​​ក្នុង​ទូរសព្ទ​ម្តងៗ អ្នក​តែង​តែ​ឃើញ​អក្សរ 2G, 3G, 4G, G, E, H, H+ ជា​ដើម តែ​មិន​ប្រាកដ​ថា​​ ​ពួក​វា​មាន​ន័យ​​យ៉ាង​​ម៉េច​នោះ​ទេ។ ពេល​ដែល​ទៅ​តំបន់​ដាច់​ស្រយាល​​ មិន​សូវ​មាន​សេវា​ ទូរសព្ទ​ប្រិយមិត្ត​ប្រាកដ​ជា​​បង្ហាញ​អក្សរ G ឬ E មិន​ខាន​។ តើ​សេវា G, E, 3G, H និង H+ ហ្នឹង​ចង់​បាន​ន័យ​ថា​យ៉ាង​ម៉េច​ទៅ?

១. 2G
2G ឬ​ Second Generation សំដៅ​ទៅ​លើ​​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​ណែនាំ​នៅ​ប្រទេស​ហ្វាំងឡង់​ ក្នុង​ឆ្នាំ ១៩៩១។ 2G កាល​នោះ​ប្រើ​សម្រាប់​តែ​បើក​អ៊ីនធឺណិត លេង SMS និង​ MMS​ តែ​ក្នុង​ល្បឿន​យឺត​នៅ​ឡើយ ហើយ​​ 2G ភាគ​ច្រើន​បំពាក់​លើ​ទូរសព្ទ Nokia ស៊េរី​ខ្ពស់។

២. 3G 3G (Third Generation) ផ្ដល់​ទិន្នន័យ​អ៊ីនធឺណិត​លឿន​ជាង 2G ដោយ​អាច​ឱ្យ​អ្នក​បើក​វីដេអូ ឬ​ផ្ញើ​សារ​ជា​វីដេអូ​បាន។ 3G ត្រូវ​បាន​បំពាក់​លើ​ពពួក​ Smartphone បច្ចុប្បន្ន សម្រាប់​ការ​បើក​វីដេអូ ឬ​វិបសាយ​ធំៗ។

៣. 4G 4G (Fourth Generation) ជា​បច្ចេកវិទ្យា​អ៊ិនធឺណិត​មាន​ល្បឿន​ជាង​គេ​បង្អស់​ ដែល​អាច​ឱ្យ​អ្នក​បើក ​ឬ​ដោនឡូត​ចម្រៀង​និង​វីដេអូ បាន​ក្នុង​ល្បឿន​លឿន​បំផុត។ ចំណែក​ឯ 4G/LTE (LTE- Long-Term Evolution) ជា​បច្ចកវិទ្យា​អ៊ីនធឺណិត​​មាន​ល្បឿន​លឿន​ជាង 4G ធម្មតា​សព្វ​ថ្ងៃ​ទៅ​ទៀត។​​

៤. អក្សរ “G”
អក្សរ “G” តំណាង​ឱ្យ​ General Packet Radio Service (GPRS) ដែល​​​បង្ហាញ​ពី​សេវា​អ៊ីនធឺណិត​មហាសែន​យឺត​បំផុត។ វា​​ផ្តល់​ទិន្នន័យ​អ៊ីនធឺណិត​ខ្ពស់​បំផុត​ប្រហែល​ 172kbps ប៉ុណ្ណោះ។ GPRS គឺ​សំដៅ​ទៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត 2G (Second Generation) ដែល​ជា​បច្ចេកវិទ្យា​អ៊ីនធឺណិត​​​យឺត​ជាង​គេ​​។

៥. អក្សរ “E”
អក្សរ “E” តំណាង Enhanced Data rates for GSM Evolution (EDGE)​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Enhanced GPRS ដែល​ជា​បច្ចេកវិទ្យា​ស្ថិត​នៅ​ចន្លោះ 2G និង 3G ដូច្នេះ​មនុស្ស​មួយ​ចំនួន​ហៅ​វា​ថា 2.5G។ សេវា​អ៊ីនធឺណិត E នេះ​នៅ​រាង​យឺត​ (វា​លឿន​ជាង​សេវា G បន្តិច) ដែល​ត្រូវ​ចំណាយ​ពេល​​យូរ ដើម្បី​ផ្ទុក (Load) វិបសាយ​ណា​មួយ។ ជា​ធម្មតា​សេវា EDGE នេះ​ផ្តល់​ទិន្នន័យ​​អ៊ីនធឺណិត​ 400kbps។

៦. អក្សរ “H”
HSPA (High Speed Packet Access) ឬ​អក្សរ​កាត់ “H” ដែល​សំដៅ​ទៅ​លើ​បច្ចេកវិទ្យា​អ៊ីនធឺណិត 3G។ HSPA អាច​ផ្តល់​ទិន្នន័យ​អ៊ីនធឺណិត​រហូត​ដល់​ទៅ 7.2Mbps ។ នៅ​ពេល​ទូរសព្ទ​អ្នក​ចេញ​អក្សរ H ខណៈ​កំពុង​ភ្ជាប់​អ៊ីនធឺណិត នោះ​អ្នក​អាច​បើក​មើល​វីដេអូ​ក្នុង​ YouTube បាន​ តែ​បើ​ចង់​ដោនឡូត​ ត្រូវ​ចំណាយ​ពេល​រាង​យូរ​បន្តិច។

៧. អក្សរ “H+”
វា​ជា​បច្ចេកវិទ្យា HSPA+ ទំនើប ដែល​មាន​ល្បឿន​លឿន​ជាង​ “H” ធម្មតា ដូច្នេះ​អ្នក​អាច​បើក​ និង​ដោនឡូត​វីដេអូ​ឬ​ចម្រៀង​បាន​យ៉ាង​លឿន​ និង​រលូន។ ធម្មតា​ H+ អាច​ផ្តល់​ទិន្នន័យ​អ៊ីនធឺណិត 21Mbps។

សញ្ញា​ផ្សេង​ទៀត​នៅ​លើ​ទូរសព្ទ

ប្រភព៖Sabay

Most Popular

To Top