សេអ៊ូល: ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ ទី១៣ ខែវិច្ឆិកាម្សិលមិញនេះ បានធ្វើការគំរាមម្តងទៀតថា នឹងសងសឹកវិញប្រសិនបើ សហរដ្ឋអាមេរិកបន្តធ្វើ សមយុទ្ធយោធាជាមួយកូរ៉េខាងត្បួង។
កូរ៉េខាងជើងបានបញ្ជាក់ទៀតថា ខ្លួនក៏នឹងបន្តដាក់សម្ពាធ បែបនេះដដែលទៅលើទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើយ៉ាងណាឱ្យមានការផ្លាស់ប្តូរ វគ្គហ្វឹកហ្វឺនស្របទៅ នឹងប្រតិទិននៃកាលកំណត់ចុងក្រោយ ដែលកូរ៉េខាងជើងបាន កំណត់ឲ្យ។
គេមើលឃើញថា សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងទោះបីទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីសប្តាហ៍ មុនហើយថាសមយុទ្ធរួមគ្នា នៅលើដែនអាកាសដែលគ្រោង នឹងធ្វើឡើងនៅខែក្រោយនេះ នឹងត្រូវកាត់បន្ថយបើប្រៀបធៀប ទៅនឹងសមយុទ្ធចាស់ៗលើកមុនក្តី។
គួរឲ្យចាប់អារម្មណ៍លើសនេះទៀតនោះ វាគឺជាព្រឹត្តិការណ៍ដ៏កម្រដែល គណៈកម្មាការគ្រប់គ្រងជាន់ខ្ពស់ដឹកនាំដោយ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុនគឺជាអ្នកដែល បានចេញសេចក្តីថ្លែងការណ៍ ព្រមានមួយនេះ ៕