បរទេស៖ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតមើល សមយុទ្ធកងកម្លាំង ទ័ពអាកាស សម្រាប់ជាលើកទីពីរក្នុង រយៈពេល៣ថ្ងៃ ស្របពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សម្រេចចិត្តផ្អាកធ្វើ សហសមយុទ្ធយោធា ដើម្បីធ្វើឲ្យការពិភាក្សា លុបបំបាត់ នុយក្លេអ៊ែ ជាមួយកូរ៉េខាងជើង កាន់តែមានភាពងាយស្រួលឡើង។
នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ កូរ៉េខាងជើង KCNA បាននិយាយថា លោក គីម ជុងអ៊ុន បានត្រួតមើលការហ្វឹកហាត់ចុះចតយន្តហោះរបស់អង្គភាពរងនៃកងទ័ពអាកាស និងកងកម្លាំងប្រឆាំងយន្តហោះរបស់ កងទ័ពជើងគោក កូរ៉េខាងជើង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអាទិត្យថា ពួកគេនឹងផ្អាក សមយុទ្ធយោធាអនាគត ឈ្មោះ “ព្រឹត្តិការណ៍ហ្វឹកហាត់ ហោះហើររួមគ្នា” នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជំរុញសន្ទុះសន្តិភាពដែលជាប់គាំង ជាមួយ នឹងប្រទេស កូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង
