បរទេស៖ រូបថតនៃការធ្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដែលមានផ្ទុកផ្លាកសញ្ញាទ័ពអាកាសអ៊ីតាលីនៅលីប៊ី បានបង្ហាញខ្លួននៅលើបណ្តាញសង្គមកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មាន The Aviationist បានអោយដឹងថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងក្នុងចំណោមយន្តហោះគ្មានមនុស្សបើក Reaper ចំនួន ៦ គ្រឿងរបស់កងទ័ពអាកាសអ៊ីតាលី បានធ្លាក់នៅក្បែរទីក្រុង Tarhuna នៃប្រទេសលីប៊ី ភាគអាគ្នេយ៍នៃរដ្ឋធានីទ្រីប៉ូលី។ គេនៅមិនទាន់ដឹងច្បាស់ទេថា តើយន្តហោះនេះ ធ្លាក់ដោយសារបច្ចេកទេស ឬត្រូវបានបាញ់ទម្លាក់ យ៉ាងណានោះទេ។
គណនី Twitter ផ្លូវការរបស់អគ្គសេនាធិការការពារជាតិអ៊ីតាលី បានបញ្ជាក់ពីការរំពឹងទុកនៅល្ងាចថ្ងៃពុធនេះ ដោយប្រកាសថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់នៅលើទឹកដីលីប៊ី ខណៈពេលដែលខ្លួនកំពុងបំពេញបេសកកម្មគាំទ្រប្រតិបត្តិការ Mare Sicuro ប្រតិបត្តិការល្បាតដែនសមុទ្រ នៅឆ្នេរលីប៊ី៕ ប្រែសម្រួលៈ ណៃ តុលា