បរទេស៖យន្តហោះចម្បាំង F-16 របស់ប្រទេសតួកគី តាមសេចក្តីរាយការណ៍ នឹងហោះហើរពីលើទីក្រុង អង់ការ៉ា ដើម្បីតេស្តសាកល្បង ប្រព័ន្ធការពារមីស៊ីល S-400 ដែលទើបទិញពីប្រទេសរុស្ស៊ី បើទោះជាមានការដាក់ សម្ពាធពីទីក្រុងវ៉ាស៊ីនតោន ឲ្យតួកគីបោះបង់ចោលប្រព័ន្ធ ការពារនោះក៏ដោយ។
ការិយាល័យអភិបាលខេត្ត បានប្រកាសកាលពី ថ្ងៃអាទិត្យថា យន្តហោះចម្បាំង F-16 របស់កងកម្លាំងទ័ពអាកាសតួកគី និងយន្តហោះដទៃទៀត នឹងធ្វើការហោះហើរនៅក្នុងរយៈ កម្ពស់ខ្ពស់និងទាប ពីលើទីក្រុងអង់ការ៉ា នៅថ្ងៃចន្ទនិងថ្ងៃអង្គារ ដើម្បីតេស្តសាកល្បង គម្រោងប្រព័ន្ធការពារដែនអាកាស។
គួរបញ្ជាក់ថា ការទិញប្រព័ន្ធ S-400 របស់ប្រទេសតួកគី គឺជាកត្តាចម្បងធ្វើឲ្យប៉ះពាល់ ចំណងមិត្តភាពរវាងតួកគី និងអាមេរិក ដោយអាមេរិក និយាយថា ប្រព័ន្ធនេះ មិនត្រូវគ្នាជាមួយប្រព័ន្ធ ការពាររបស់ ណាតូ និងបង្កការគម្រាមកំហែង ដល់យន្តហោះចម្បាំងបំបាំងកាយ F-35 ដែលផលិតដោយក្រុមហ៊ុន ការពារជាតិអាមេរិក Lockheed Martin៕ ប្រែសម្រួល៖ប៉ាង កុង