បរទេស៖មន្ត្រីកូរ៉េខាងត្បូងមួយ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា យោធារបស់ប្រទេសកូរ៉េខាងត្បូង បានបាញ់គ្រាប់ព្រមាន ចំពោះនាវាពាណិជ្ជកម្មកូរ៉េខាងជើង មួយគ្រឿងមានបញ្ហាម៉ាស៊ីន ដែលបំពានព្រំដែនសមុទ្រ នៅថ្ងៃពុធនេះ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា នាវានោះ ត្រូវបានប្រទះឃើញឆ្លងកាត់ ព្រំប្រទល់ដែនសមុទ្រអន្តរកូរ៉េ នៅវេលាម៉ោងប្រមាណ៦និង៤០នាទីព្រឹក ស្ថិតនៅជិតកោះព្រំដែនកូរ៉េខាងត្បូងមួយ ក្បែរតំបន់ឆ្នេរខាងលិច ហើយយោធា កូរ៉េខាងត្បូង ក៏បានចេញការព្រមាននិងបាញ់ចូលទៅ ក្នុងទឹកក្បែរនាវានោះ ដើម្បីបណ្ដេញឲ្យចេញឆ្ងាយ។
គួរបញ្ជាក់ថា យោងតាម សេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា នេះគឺជាលើកទីពីរហើយ ដែលកូរ៉េខាងត្បូងបាញ់គ្រាប់ព្រមាន ចំពោះនាវាកូរ៉េខាងជើង ចាប់តាំងពី លោកប្រធានាធិបតី មូន ជេអ៊ីន ឡើងកាន់តំណែង នៅក្នុង ខែឧសភា ឆ្នាំ២០១៧មក៕ ប្រែសម្រួល៖ប៉ាង កុង
