នៅចន្លោះម៉ោង ២១:០០ នាទីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មានអ្នកប្រើប្រាស់ជាច្រើនបានស្លន់ស្លោខ្លះបារម្ភថាគណនី Facebook របស់ខ្លួនមានបញ្ហា ក្រោយបើកចូលកម្មវិធីត្រូវជាប់គាំង ខ្លះគាំងត្រឹមផ្ទៃពណ៌ស ប៉ុន្តែចម្លើយពិតប្រាកដគឺដោយសារ Sever របស់ក្រុមហ៊ុន Facebook មានដំណើរការខុសប្រក្រតីឯណោះទេ។

Sabay បង្ហើបពីវិធីម្យ៉ាង ដើម្បីឲ្យអ្នកប្រើប្រាស់អាចឆែកដឹងច្បាស់ថាតើពេលណា Sever របស់ Facebook ជាប់គាំងពិតប្រាកដ?
អ្នកអាចឆែកមើលលើគេហទំព័រ Downdetector តាមរយៈអាសយដ្ឋាន www.downdetector.com/status/facebook ដោយកាលណាក្រាបពណ៌ក្រហមឡើងខ្ពស់ខ្លាំងនៅចន្លោះម៉ោងណាមួយ នោះមានន័យថាការរាយការណ៍ពីកំហុសនៃភាពដំណើរការមិនប្រក្រតីរបស់អ្នកប្រើប្រាស់កំពុងផ្ទុះខ្លាំង អ៊ីចឹងយើងអាចសន្មតថាពេលនោះហើយគឺ Sever របស់ Facebook កំពុងមានបញ្ហា ពោលមិនមែនមកពីគណនីរបស់អ្នកតែម្នាក់ឯងឡើយ។

សារព័ត៌មានធំៗក្រៅស្រុកជាច្រើនក៏បានស្រង់ទិន្នន័យចេញពីគេហទំព័រ Downdetector នេះដូចគ្នា។ ជាឧទាហរណ៍ដូចកាលពីយប់មិញចន្លោះម៉ោង ៩ ដល់ម៉ោង ១២ យប់ បញ្ហាបានបន្តកើតមានឥតឈប់ រហូតដល់ទាបភ្លឺទើបគ្រប់យ៉ាងដំណើរការមកជាធម្មតាវិញ៕
ប្រភព៖Sabay
