បច្ចេកវិទ្យា

មកស្គាល់មុខអ្នកឌីហ្សាញ រថយន្តភីកអាប់ អគ្គិសនី Cybertruck

Cybertruck ដែល​​ជា​រថយន្ត​ភីកអាប់​អគ្គិសនី​ក្រុមហ៊ុន Tesla បាន​បង្ហាញ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​ ដោយ​សារ​មាន​រូបរាង​ខុស​ពី​រថយន្ត​ភីកអាប់​ដទៃ​ទៀត​លើ​ទីផ្សារ និង​ដោយ​សារ​​ការ​ប្រកួត​សមត្ថភាព​អូស​ទាញ​ជា​មួយ​រថយន្ត​ភីកអាប់​ F-150 របស់ Ford ផង​ដែរ។

រថយន្ត​ភីកអាប់​​អគ្គិសនី​នេះ គឺ​រចនា​រូបរាង​ឡើង​ដោយ​អ្នក​ឌីហ្សាញ​ឈ្មោះ​ Franz von Holzhausen ដែល​កន្លង​មក​លោក​ធ្លាប់​ឌីហ្សាញ​រថយន្ត Tesla ជា​ច្រើន​រួច​មក​ហើយ រួម​មាន​ Tesla Model S, Model 3, Model X, Model Y, Semi Truck និង Tesla Roadster ទៀត​ផង។

Franz von Holzhausen​ កើត​នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ១៩៦៨ ដែល​លោក​ចាប់​ផ្ដើម​អាជីព​ដំបូង​នៅ​ឆ្នាំ ១៩៩២ នៅ​ក្រុមហ៊ុន​រថយន្ត Volkswagen ដែល​ធ្វើ​ការ​លើ​ការ​ឌីហ្សាញ​រថយន្ត Microbus និង​គម្រោង​ការ​ New Beetle Concept ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ J Mays។ ក្រោយ​មក​នៅ​ឆ្នាំ ២០០ លោក​បាន​ផ្លាស់​ចូល​ក្រុមហ៊ុន​រថយន្ត​ General Motors ក្នុង​មុខ​តំណែង​ជា​អ្នក​ចាត់ការ​ផ្នែក​ឌីហ្សាញ ដែល​លោក​ធ្វើ​ការ​លើ​ Saturn Sky និង Pontiac Solstice។

នៅ​ឆ្នាំ ២០០៥ អ្នក​ឌីហ្សាញ​រូប​នេះ​ផ្លាស់​ចូល​ធ្វើ​ការ​ឲ្យ​នៅ​ក្រុមហ៊ុន​ជប៉ុន Mazda ដែល​លោក​ឌីហ្សាញ​រថយន្ត​ Concept Mazda Kabura ដែល​រថយន្ត​នេះ​បង្ហាញ​មុខ​ជា​លើក​ដំបូង​ក្នុង​កម្មវិធី North American International Auto Show និង​​រថយន្ត​ Mazda Furai ឆ្នាំ ២០០៨ ដែល​បង្ហាញ​នៅ​​ទីក្រុង​ Detroit៕​​ប្រភព៖Sabay

Most Popular

To Top