វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូនេះបានសរសេរថាក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានធ្វើការប្រកាសច្រានចោល អំពីរបាយការណ៍ដែលចោទប្រកាន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាបន្ថែម កងទ័ពចំនួន ១៤០០០ នាក់ទៅកាន់តំបន់មជ្ឈឹមបូព៌ា ដើម្បីប្រឈមមុខជាមួយ នឹងប្រទេសអ៊ីរ៉ង់។
អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន លោក Alyssa Farah បាននិយាយនៅលើបណ្តាញសង្គមTwitterថា របាយការណ៍ទាំងនេះគឺមិនជាព័ត៌មាន ត្រឹមត្រូវទេ។Tweet មួយនេះត្រូវបានគេមើលឃើញថាជាការ ឆ្លើយតបទៅនឹងរបាយការណ៍ របស់កាសែត Wall Street Journal ។
The Wall Street Journal កាលពីថ្ងៃពុធដែលបាន ដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកជាច្រើននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ត្រាំ កំពុងពិចារណាការពង្រីក កងកម្លាំងយោធារបស់អាមេរិក ទៅកាន់តំបន់ទៅកាន់មជ្ឈឹមបូព៌ា ដើម្បីប្រឆាំងអ៊ីរ៉ង់ដោយបញ្ជាក់ទៀតថា ការដាក់ពង្រាយនេះនឹងអាចធ្វើឡើង ក្នុងពេលដ៏ ឆាប់បំផុតក្នុងខែនេះតែម្តង៕ ប្រែសម្រួល:ស៊ុនលី


