បច្ចេកវិទ្យា

YouTube សង្ឃឹមខុស ចេញវីដេអូថ្មីមានអ្នកមិនចូលចិត្ត ច្រើនសន្ធឹក

YouTube បាន​បញ្ចេញ​វីដេអូ Rewind ប្រចាំ​ឆ្នាំ ២០១៩ ដែល​វីដេអូ​នេះ​គឺ​រំឭក​អំពី​រឿង​រ៉ាវ​ល្បីៗ​កើត​មាន​លើ​ YouTube ក្នុង​​ឆ្នាំ​នេះ ហើយ​អ្វី​ដែល YouTube ចង់​បាន​គឺ​ចង់​ឲ្យ​វីដេអូ​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ជាង​វីដេអូ​ឆ្នាំ​មុន។

វីដេអូ​ Rewind ឆ្នាំ​មុន​ បាន​ក្លាយ​ជា​វីដេអូ​មាន​អ្នក​មិន​ចូល​ចិត្ត​ (Dislike) ច្រើន​​ជាង​គេ​បំផុត​លើ YouTube ដោយ​សារ​បាត់​វត្តមាន​ YouTuber ល្បីៗ​ជា​ច្រើន​ដូច​ជា​ PewDiePie ជា​ដើម។ សម្រាប់​ឆ្នាំ ២០១៩ នេះ​ PewDiePie បាន​មាន​មុខ​វិញ​នៅ​ក្នុង​វីដេអូ​ Rewind។ ប៉ុន្តែ​វីដេអូ​ Rewind ថ្មី​នេះ សង្កេត​ឃើញ​ថា​មាន​ចំនួន​ Dislike ច្រើន​ជាង​ចំនួន Like ដូច​វីដេអូ​មុន​ដដែល គិត​ត្រឹម​ ៧ ម៉ោង​ក្រោយ​ចេញ​ផ្សាយ។

​​​វីដេអូ Rewind ឆ្នាំ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​វីដេអូ​ដែល​បាន​បង្ហោះ​លើ​ YouTube ទាំង​ស្រុង ដែល​ត្រូវ​បាន​ជ្រើស​រើស​ផ្អែក​លើ​ទិន្នន័យ​អំពី​​អ្នក​បង្កើត​វីដេអូ​ដែល​មាន​គេ​ទស្សនា​ច្រើន​ជាង​គេ, វីដេអូ​មាន​គេ​ទស្សនា​ច្រើន​ជាង​គេ, វីដេអូ​ពេញ​និយម​ជាង​គេ និង​សមិទ្ធផល​​ជា​ច្រើន​ទៀត​លើ YouTube។ វា​ខុស​គ្នា​ទាំង​ស្រុង​ពី​វីដេអូ​ឆ្នាំ​មុនៗ ដែល​​វីដេអូ Rewind មាន​​អ្នក​បង្កើត​វីដេអូ​មក​ជួប​ជុំ​គ្នា​ ហើយ​​ធ្វើ​ត្រាប់​តាម​រឿង​រ៉ាវ​​ដែល​បាន​ផ្ទុះ​លើ​ YouTube ក្នុង​ឆ្នាំ​នីមួយៗ។

គិត​ត្រឹម​ពេល​នេះ (៧ម៉ោង​ក្រោយ​ចេញ​​ផ្សាយ) “YouTube Rewind 2019: For the Record” មាន​ចំនួន​ Like ចំនួន ៧០ ម៉ឺន​ និង​ Dislike ចំនួន ១,២ លាន​ដង។​ ចំណែក​វីដេអូ​ “YouTube Rewind 2018” មាន Like ចំនួន ២,៦ លាន​ដង និង Dislike ចំនួន ១៧ លាន​ដង៕​ប្រភព៖Sabay

Most Popular

To Top