GT-R បានប្រឡូកក្នុងទីផ្សាររថយន្តស្ព័រអស់រយៈពេលជាយូរមកហើយ ខណៈក្រុមហ៊ុន Nissan ក៏បានបង្កើនការចាប់អារម្មណ៍ ដោយបង្ហាញគំរូរថយន្ត GT-R50 by Italdesign ដែលនឹងត្រូវផលិតលក់ជាប្រភេទរថយន្ត Limited Edition នាពេលឆាប់ៗខាងមុខនេះ។

ក្រុមហ៊ុនរថយន្តជប៉ុនខាងលើនិយាយថា តម្រូវការសម្រាប់រថយន្ត GT-R50 by Italdesign កំពុងកើនឡើងខ្លាំង ហើយក៏មានអ្នកកក់លុយរួចហើយដែរ ប៉ុន្តែរថយន្តស្ព័រនេះនឹងត្រូវផលិតត្រឹម ៥០គ្រឿងប៉ុណ្ណោះ។

ជាមួយគ្នានេះ Nissan ក៏បានបញ្ចេញរូបថត Render ដំបូងនៃរថយន្ត GT-R50 by Italdesign ដែលនឹងត្រូវផលិតជាផ្លូវការ។ រូបរាងរបស់វាមិនខុសគ្នាប៉ុន្មានពីគំរូរថយន្ត ដែលបានដាក់តាំងបង្ហាញកាលពីឆ្នាំ២០១៨ ឡើយ។

សូមបញ្ជាក់ថា រថយន្ត Nissan GT-R50 by Italdesign ប្រើម៉ាស៊ីនចំណុះ ៣,៨លីត្រ Twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៧១០សេះ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃ ១ ១២០ ០០០លានដុល្លារ ពោលគឺថ្លៃជាងរថយន្ត Nissan GT-R Nismo រហូតដល់ទៅ ៥ដងឯណោះ៕



ប្រភព៖Sabay
