អ្នកវិភាគល្បីឈ្មោះលោក Ming Chi-Kuo បានបញ្ចេញនូវកំណត់ត្រាស្រាវជ្រាវថ្មី ព្យាករណ៍អំពី iPhone នៅពីរឆ្នាំបន្ទាប់ទៀត ដោយលោកជឿជាក់ថា iPhone ស៊េរីខ្ពស់នៅឆ្នាំ ២០២១ នឹងលែងមានរន្ធសាកថ្ម Lightning តទៀតហើយ។ នេះមិនមែនមានន័យថា Apple ប្ដូរមកប្រើរន្ធ USB Type-C នោះទេ ផ្ទុយទៅវិញគឺនឹងពឹងផ្អែកលើការសាកថ្ម និងការផ្ទេរទិន្នន័យតាមវិធីឥតប្រើខ្សែ (Wireless) ជំនួសវិញ។
បន្ថែមពីនេះលោក Kuo បានលើកឡើងអំពី iPhone ឆ្នាំ ២០២០ ផងដែរ ដោយលោកបញ្ជាក់ថានឹងមាន iPhone ថ្មីចំនួន ៥ ប្រកាសចេញឆ្នាំក្រោយ។ ដំបូងគេគឺ iPhone SE 2 ដែលលោក Kuo ថាមានអេក្រង់ LCD ទំហំ ៤,៧ អ៊ីញ និងមានរូបរាងស្ទើរតែដូចនឹង iPhone 8 ទាំងស្រុង។
iPhone ដែលប្រកាសចេញចុងឆ្នាំ ២០២០ ទើបរាងប្លែកបន្តិច។ អ្នកវិភាគរូបនេះនិយាយថា Apple គ្រោងប្រកាសចេញ iPhone ប្រើអេក្រង់ OLED ចំនួន ៤ ដែលសុទ្ធតែមាន 5G។ iPhone ស៊េរីខ្ពស់ជាងគេនឹងមានកាមេរ៉ា ៣ គ្រាប់ (មានបន្ថែម Sensor វាស់ជម្រៅមួយទៀត) ដែលនឹងមានជម្រើសអេក្រង់ចំនួនពីរគឺ ៦,១ អ៊ីញ និង ៦,៧ អ៊ីញ។ iPhone ទាំងពីរទំនងជាចូលមកជំនួស iPhone 11 Pro និង iPhone 11 Pro Max។
iPhone ស៊េរីទាបប្រើប្រាស់កាមេរ៉ាក្រោយពីរគ្រាប់ក៏នឹងមានដែរ ដែលមានស្តង់ដារស្រដៀងនឹង iPhone 11។ ប៉ុន្តែខុសត្រង់ថាវានឹងមានជម្រើសទំហំអេក្រង់ចំនួនពីរ ដែលមានជម្រើស ៥,៤ អ៊ីញ និង ៦,១ អ៊ីញ៕
ប្រភព៖ news.sabay.com