បរទេស៖ មន្ត្រីរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មីស៊ីលផ្លោងបាញ់ឆ្លងទ្វីបលឿនជាងសម្លេងដំបូងរបស់ប្រទេសរុស្ស៊ី ដែលទីក្រុងមូស្គូពិពណ៌នាថា ជាគ្រោះចំពោះប្រព័ន្ធការពារ ដែនអាកាសសហរដ្ឋអាមេរិកនោះ ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការហើយ។
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានជូនជម្រាបប្រាប់ដល់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន អំពីកងដំបូងនៃមីស៊ីល Avangard ដែលមានសមត្ថភាពនុយក្លេអ៊ែ ត្រូវបានដាក់ប្រើក្នុងប្រតិបត្តិការប្រយុទ្ធ កាលពីព្រឹកថ្ងៃសុក្រ។
យោងតាមសម្តីរបស់លោកឧត្តមសេនីយ៍ Sergei Karakayev ជាប្រធានកងកម្លាំងមីស៊ីល យុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា មីស៊ីលទាំងនោះ ត្រូវបានគេដាក់ពង្រាយនៅក្នុងតំបន់ Orenburg ដែលស្ថិតនៅក្នុងតំបន់ភ្នំ Ural Mountains ចម្ងាយប្រហែល ៩៣០ម៉ាយភាគនិរតីនៃទីក្រុងមូស្គូ៕
ប្រែសម្រួល៖ ប៉ាង កុង