ភ្នំពេញ៖ ជាមួយការនាំមុខ ទៅលើភាពច្នៃប្រឌិតថ្មី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុនសែលកាត បានបើកដំណើរការកម្មវិធី ជំនួយការសិក្សាបែបថ្មី iKnow iKnow App ដោយមានផ្តល់ជូន នូវរង្វាន់អាហារូបករណ៍ រយៈពេល ១ឆ្នាំ សម្រាប់ការសិក្សា នៅសាកលវិទ្យាល័យនាំមុខគេ ទាំងបី នៅក្នុងប្រទេសកម្ពុជា ។
កម្មវិធីច្នៃប្រឌិតថ្មី អមដោយភាពសប្បាយនេះ បានច្របាច់បញ្ចូល នូវបច្ចេកវិទ្យាឌីជីថល ដើម្បីជួយជម្រុញ និងលើកទឹកចិត្តដល់សិស្ស និស្សិតឱ្យខិតខំ បង្កើនចំណេះដឹង និងក្លាយខ្លួនជាសិស្សពូកែ។ សាកលវិទ្យាល័យល្បីៗ ដែលចូលរួមមានដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC)។
រាល់អ្នកប្រើប្រាស់កម្មវិធី iKnow iKnow ទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ អាហារូបករណ៍ រយៈពេលមួយឆ្នាំ ចំនួន ៥រង្វាន់ជារៀងរាល់សប្តាហ៍។ ក្នុងនោះ ក្រុមហ៊ុនក៏មានផ្តល់ជូន នូវរង្វាន់ប្រចាំខែម៉ូតូ Yamaha QBIX 2020 ចំនួន ១រង្វាន់ សម្រាប់រយៈពេល ៦ខែផងដែរ។
ព្រឹត្តិការណ៍បើកសម្ពោធនេះ មានរួមបញ្ចូលនូវពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុនសែលកាត និងសាកលវិទ្យាល័យ ទាំងបីផងដែរ។ ភ្ញៀវកិត្តិយស ដែលបានចូលរួម មានដូចជា៖
● សាស្រ្តាចារ្យបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង
● លោកបណ្ឌិត កុល ផេង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា
●បណ្ឌិត ញ៉ សញ្ញេ អនុប្រធានផ្នែកកិច្ចការសាលា នៃសាកលវិទ្យាល័យកម្ពុជា
នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត លោក Ian Watson បានថ្លែងឱ្យដឹងថា ការចាប់ទំនាក់ទំនងជាដៃគូ ជាមួយសាកលវិទ្យាល័យ កំពូលៗទាំងបីនេះ គឺជាជោគជ័យដ៏ធំធេងមួយ សម្រាប់ក្រុមការងារគាត់ផ្ទាល់ ដែលពួកគេតែងខិតខំ រៀបចំជូននូវរង្វាន់ ជាទីពេញចិត្ត ទៅដល់អតិថិជន តាមរយៈប្រូម៉ូសិន ដែលមានជារៀងរាល់ឆ្នាំ។
លោក Watson បានបន្តថ្លែងទៀតថា <<កម្មវិធី iKnow iKnow App គឺជាមធ្យោបាយ ដ៏វិសេសបំផុតមួយ សម្រាប់សែលកាត ក្នុងការជួយគាំទ្រ ទៅដល់សិស្សនិស្សិត ឱ្យពួកគេទទួលបាន ភាពសប្បាយរីករាយ ក្នុងការសិក្សា ហើយមានលក្ខណៈ សមស្របទៅតាមជីវិតបែបឌីជីថល របស់ពួកគេផ្ទាល់ផងដែរ។ សិស្សនិស្សិតភាគច្រើន ក្នុងសម័យនេះ សុទ្ធតែមានស្មាតហ្វូន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហើយពួកគេថែមទាំង មានបទពិសោធន៍ច្បាស់លាស់ ក្នុងការប្រើប្រាស់វា ដើម្បីសិក្សាស្រាវជ្រាវ និងចែករំលែកឯកសារ ជាមួយមិត្តរួមថ្នាក់។ ដូច្នេះកម្មវិធី iKnow iKnow នឹងជួយជម្រុញបន្ថែម ដល់ការសិក្សា តាមបែបឌីជីថលរបស់ពួកគេ ហើយថែមទាំងមាន ផ្តល់ជូនរង្វាន់លើកទឹកចិត្តទៀតផង។>>
លោក Watson បានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនសែលកាត តែងចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍ កន្លងមកនេះ ហើយវិស័យអប់រំត្រូវបានចាត់ចូល ជាចំណុចដ៏សំខាន់បំផុតមួយ។
លោកថ្លែងថា៖ <<កម្មវិធី iKnow iKnow App នឹងជួយដល់ភាពរីកចម្រើន និងការអភិវឌ្ឍនៃចិត្តគំនិត របស់យុវជនកម្ពុជា ដើម្បីធានាថាប្រទេសជាតិ នឹងរីកចម្រើនទៅថ្ងៃអនាគត។>>
កម្មវិធី iKnow អាចប្រើប្រាស់បាន នៅលើស្មាតហ្វូន ដើរដោយប្រព័ន្ធប្រតិបត្តិការ ទាំង iOS និង Android។ យុវជននិងសិស្សនិស្សិតខ្មែរ ជាពិសេសចាប់ពី ថ្នាក់ទី9 ដល់ទី12 អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីចូលសិក្សា កម្មវិធីសាលាបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ មុខវិជ្ជាទាំងអស់ ដែលមានផ្តល់ជូន នៅលើកម្មវិធី iKnow iKnow ត្រូវបានអនុលោម ទៅតាមកម្មវិធីសិក្សាថ្នាក់ជាតិ របស់ប្រទេសកម្ពុជា។
កមុ្មវិធីនេះ ផ្តោតជាពិសេស ទៅលើយុវវ័យ ដោយមានផ្តល់ជូននូវ Sound Effect និងរូប Emoji អមដោយផ្ទាំងកម្មវិធី ងាយស្រួលប្រើ ហើយថែមទាំងសប្បាយលេងផងដែរ។
លោកអ្នកអាចទាញយក កម្មវិធីនេះបានទាំងនៅលើ ហាងកម្មវិធីរបស់ iOS និង Android។ សិស្សនិស្សិតទាំងអស់ អាចជាវនូវគម្រោងប្រើប្រាស់ ឥតដែនកំណត់ ដើម្បីដោះស្រាយលំហាត់ ជ្រើសរើសចំលើយត្រឹមត្រូវ ដោយចំណាយត្រឹមតែ 30សេនប៉ុណ្ណោះ ក្នុងមួយសប្តាហ៍៕