បច្ចេកវិទ្យា

ក្រុមហ៊ុន Sharp បញ្ចេញព័ត៌មានលម្អិតអំពីស្មាតហ្វូន 5G មុនពេលចាប់ផ្តើមរដូវផ្ការីក

OSAKA៖កាលពីពេលថ្មីៗនេះក្រុមហ៊ុន Sharp Corp បានបញ្ចេញនូវលក្ខណៈពិសេស នៃស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលនឹងដំណើរការលើបណ្តាញ 5G គ្រោងនឹងបង្ហាញខ្លួននៅប្រទេសជប៉ុននារដូវផ្ការីកនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនមានមូលដ្ឋាននៅ OSAKA បាននិយាយថា ស្មាតហ្វូន Aquos R5G របស់ខ្លួននឹងមានសមត្ថភាពក្នុងការថតវីដេអូទំហំ 8K និងបង្កើតឡើងវិញ នូវពណ៌ចំនួន១ពាន់លានពណ៌លើអេក្រង់គ្រីស្តាល់រាវ ៦,៥ អ៊ីញ ។

ក្រុមហ៊ុនមិនបានបញ្ចេញចំណុចតម្លៃ ឬកាលបរិច្ឆេទដាក់លក់ផលិតផលនោះទេ ។ ក្នុងចំណោមក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំៗ របស់ជប៉ុន គឺក្រុមហ៊ុន KDDI Corp និងក្រុមហ៊ុន SoftBank Corp គ្រោងនឹងចាប់ផ្តើមសេវាកម្ម 5G នៅជុំវិញខែមីនា ។ ក្រុមហ៊ុន NTT Docomo Inc បាននិយាយថាខ្លួននឹងណែនាំ 5G នៅនិទាឃរដូវ ។

បណ្តាញឥតខ្សែ 5G អាចបញ្ជូននិងទទួលទិន្នន័យបានលឿនជាងស្តង់ដារ 4G បច្ចុប្បន្ន ១០០ ដងដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាញយកភាពយន្តក្នុងរយៈពេល២-៣ វិនាទី។ សេវាកម្មពាណិជ្ជកម្ម 5G បានចាប់ផ្តើមរួចហើយនៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕ ដោយ៖លី ភីលីព

Most Popular

To Top